ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃអង្គារថា នគរបាលនៅក្នុងប្រទេសអេក្វាឌ័រ និងអេស្ប៉ាញ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅក្នុងប្រតិបត្តិការដំណាលគ្នា ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មរៀបចំទុករបស់ជនជាតិអាល់បានី។

រដ្ឋអាជ្ញាមកពីប្រទេសទាំងពីរ បានធ្វើការវាយឆ្មក់ចំនួន ៥៧លើក នៅក្នុងខេត្តចំនួន ៦ របស់ប្រទេសអេក្វាឌ័រ និងនៅក្នុងទីក្រុងចំនួន ៤ របស់ប្រទេសអេស្បាញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលាងលុយ និងការជួញដូរគ្រឿងញៀន។
ការវាយឆ្មក់នេះ បានកើតឡើងក្នុងពេលការវាយលុករបស់យោធា ដែលធ្វើឡើងដោយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលលោកបានកំណត់ថាជាក្រុមភេរវករ។

ប្រាក់ដែលរឹបអូសបានមានតម្លៃប្រហែល ៤៨៣.០០០ ដុល្លារ។ រដ្ឋអាជ្ញា ក៏បានរកឃើញលុយសុទ្ធ និងអាវុធ ហើយរឹបអូសបានទ្រព្យសម្បត្តិ និងរថយន្តច្រើនគ្រឿង។
នគរបាលប្រទេសអេក្វាឌ័រ បាននិយាយថា អ្នកជាប់ឃុំរួមមានមនុស្សមកពីប្រទេសកូឡុំប៊ី អាហ្សង់ទីន ចិន អេស្បាញ អេក្វាឌ័រ និងអាល់បានី ដែល ក្រុមនេះត្រូវបានចោទប្រកាន់ថា ដឹកនាំដោយពលរដ្ឋអាល់បានី។