ត្បូងឃ្មុំ ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំ ក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងការខូចខាតជា មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានប្រវែង ១៤,៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ។ និងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត ដែលមានប្រវែង ១១,២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេព្យនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនា បានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤ នេះ ។

បើតាមលោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងការខូចខាតជា មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានប្រវែង ១៤,៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពុងរងការខូចខាតយ៉ាងខ្លាំង ដែលចាំបាច់ត្រូវជួសជុលឡើងវិញ ខណៈការត្រួតពិនិត្យនេះដើម្បីវាយតម្លៃពីទំហ៊ំនៃការខូចខាត និងទឹកប្រាក់ដែលត្រូវជួសជុល ធ្វើសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោកបន្តថា ដោយឡែកផ្លូវមួយខ្សែទៀតដែលកំពុងឈូសឆាយស្ថាបនា គឺក្រុមការងារបច្ចេកទេស និងពន្លឿនធ្វើយ៉ាងឲ្យបានរួចរាល់ក្នុងដំណាចឆ្នាំ២០២៤ នេះ ។

បន្ទាប់ពីចុះត្រួតពិនិត្យខ្សែផ្លូវទាំង ២ខ្សែ រួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងក្រុមការងារក៏ បានបន្តអញ្ជើញជួបសំណេះសំណាល និងពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ និងបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនោះផងដែរ ។ នៅក្នុងឳកាសជួបសំនេះសំណាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងនោះឯកឧត្តមក៏បានជូនឧបករណ៍បំពងសំឡេងចំនួន ៥ឈុត ដល់សហគមន៍ខាងលើ ដើម្បីប្រើប្រាស់ផងដែរ ៕





