ក្រុមយុវជនសង្គមស៊ីវិល និងក្រុមពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឲ្យប្រុងប្រយ័ត្តខ្ពស់ចំពោះក្រុមប្រឆាំងទណ្ឌិតខុសច្បាប់ និងក្រុមសង្គមស៊ីវិល (NGOs) ជ្រុលនិយមមួយចំនួនដែលកំពុងធ្វើសម្មភាពផ្ទុយនឹងច្បាប់ និងរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់ចេញពីកម្ពុជា។
ក្រុមយុវជនសង្គមស៊ីវិល និងតំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវដល់បណ្តាលគណបក្សនយោបាយនានា ប្រមូលកម្លាំងជាតិ ទាំងមូលដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីបន្តរក្សាបាននូវស្ថិរភាពសុខសន្តិភាព និងការអភិវឌ្ឍពេញលេញរបស់កម្ពុជា។
លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល និងតំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមយុវជនខ្មែរមហានគរបានប្រកាសថ្កោលទោសលើទណ្ឌិតភៀសខ្លួនក្រៅប្រទេសខុសច្បាប់ តែងតែធ្វើសកម្មភាពនយោបាយ និយាយញុះញង់ឲ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ។
លោក ពៅ សុជាតិ តំណាងយុវជនសង្គមស៊ីវិលប្រចាំខេត្តព្រៃវែង បានលើកឡើងថា ក្នុងរយៈពេលកន្លងមកក្រុមប្រឆាំងនៅក្រៅស្រុក និងបក្សពួកបានបណ្តុះនូវចិត្ត គំនិត ឲ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ឥទ្ធិពលអាក្រក់ទាំងអស់នេះបានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួនដែលបណ្តាលឲ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទណ្ឌដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមប្រឆាំង។
ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់បណ្តាលមហាជនទូទៅ សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «រួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា»។ ក្រុមយុវជនអស់គ្នាដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ៕
អត្ថបទ៖វ៉ន ដារ៉ា