បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួន០៣ ក្នុងស្រុកឯកភ្នំ ដែលបានរងការប៉ះពាល់ដោយភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះរបស់ពួកគាត់មានការដួលរលំ និងប៉ើងដំបូល កាលពីចុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
ក្នុងឱកាសនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានប្រសាសន៍ថា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ត្រូវទទួលបានអំណោយនោះ មានចំនួន ១៦គ្រួសារ មាននៅឃុំព្រែកខ្ពប ឃុំព្រែកហ្លូង និងឃុំព្រែកនរិន្ទ ដោយក្នុងចំណោមនេះ មាន ០៤គ្រួសារ បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ជាមួយគ្នានោះ ឯកឧត្តម បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តម ប៊ុន គឹមស៊ាន និងក្រុមការងារ ក៏បានចូលរួមសោកស្តាយជាមួយពលរដ្ឋបានបាត់បង់ជីវិត រងរបួស និងអ្នករងគ្រោះ ដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះ និងរបើកដំបូល និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រួមទាំងបន្តអនុវត្តនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គូរបញ្ជាក់ថា កាលពីថ្ងៃទី២៨ និងទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ប៉ះពាល់លើស្រុកចំនួន៤ ស្មើនឹងផ្ទះប្រជាពលរដ្ឋ និងសាលារៀនចំនួន ២៤១ខ្នង ដោយរងគ្រោះធ្ងន់២៣ខ្នង, មធ្យម១០៤ខ្នង និងស្រាល១១៤ខ្នង ក្នុងនោះ មានស្រុក ស្រុកមោងឫស្សី ស្រុកឯកភ្នំ, ស្រុករុក្ខគីរី និងស្រុកសង្កែ៕