យោងតាមអ្នកវិទ្យាសាស្ត្រ និងអ្នកវិភាគ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ( El Nino) គឺជាគន្លឹះដើម្បីស្វែងយល់ពីចំហេះព្រៃដ៏ខ្លាំងក្លានៅប្រទេសឈីលី ដែលបានឆក់យកជីវិតមនុស្ស ១៣១នាក់ ជាគ្រោះមហន្តរាយធម្មជាតិអាក្រក់បំផុតរបស់ប្រទេសឈីលី ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ។

អ្នកវិទ្យាសាស្ត្រ និយាយថា កត្តាជំរុញចម្បងគឺសាមញ្ញ ព្រោះតែសីតុណ្ហភាពកាន់តែឡើងកម្តៅខ្លាំង។ អ្នកជំនាញនិយាយថា នេះជាផ្នែកនៃមូលហេតុដែលចំហេះព្រៃ បានរាលដាលរហូតមកដល់ពេលនេះ ហើយយ៉ាងលឿន មានខ្យល់បក់ខ្លាំង។

លោក រ៉ូល ខ ឌឺរ៉ូ(Raul Cordero) អ្នកជំនាញអាកាសធាតុនៅសាកលវិទ្យាល័យ Santiago និយាយថា ខ្យល់រដូវក្តៅបក់ខ្លាំង គឺជារឿងធម្មតានៅភាគកណ្តាលប្រទេសឈីលី ប៉ុន្តែសីតុណ្ហភាពបច្ចុប្បន្ន កាន់តែឡើងខ្ពស់ ជាងច្រើនទសវត្សរ៍កន្លងទៅនេះ។
លោកណាហ៊ូអ៊ែល អារេណាស់(Nahuel Arenas) ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទ្វីបអាមេរិក និងតំបន់សមុទ្រការ៉ាអ៊ីប បានកត់សម្គាល់ថា តំបន់នេះកំពុងឆ្លងកាត់ដោយបាតុភូតអែលនីញ៉ូ(El Nino) នៅពេលដែលសីតុណ្ហភាពទឹកក្តៅខុសប្រក្រតី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅអាមេរិកខាងត្បូង ធ្វើឱ្យប៉ះពាល់ដល់គំរូអាកាសធាតុសកល ដែលរួមចំណែកធ្វើឱ្យសីតុណ្ហភាពកាន់តែក្តៅឡើង។