ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយកនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើពិធីទទួលសៀវ សម្ដេច ហ៊ុន សែន ៣យន្ដការឈ្នះកូវីដ-១៩,កូនប្រុសច្បងដ៏មានឥទ្ធិពល និងសៀវភៅទឹកចិត្ដអ្នកជួយសង្គ្រោះចំនួន៤០០ក្បាលពីលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈសៀវភៅនេះតាក់តែងអំពីរាល់សមិទ្ធផល និងការតស៊ូលះបង់ដើម្បីបុព្វហេតុកសាងជាតិមាតុភូមិ គ្រប់បែបយ៉ាងរហូតដល់មានការអភិវឌ្ឍន៍សព្វថ្ងៃនេះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីទទួលនោះ លោកឧត្តមសេនីយ៍ទោ ចាន់ សារឿន បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ជូនដល់នាយកដ្ឋានរបស់លោក។
លោកឧត្តមសេនីយ៍ទោ ចាន់ សារឿន បានបន្ថែមទៀតថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយលោកឧត្តមសេនីយ៍នឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់មន្ត្រី និងក្រុមការងារនៃនាយកដ្ឋានក៏ដូច យោធិន នៃក្រសួងការពារជាតិដើម្បីឲ្យពួកគាត់ស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិតៗស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ន និងអនាគតផងដែរ។
ថ្លែងនៅក្នុងពិធីនោះដែរលោក ពៅ សុខ បានលើកឡើងថា ការដែលលោក និងក្រុមការងារនាំយកសៀវភៅមកប្រគល់ជូនដល់នាយករដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិនាពេលនេះគឺដោយសារតែបំណងចង់ផ្តល់ព័ត៌មានសំខាន់ៗជូនដល់មន្រ្តីយោធាឲ្យបានស្វែងយល់ដឹងបន្ថែមទៀតរាល់សមិទ្ធផល និងការតស៊ូលះបង់ដើម្បីបុព្វហេតុកសាងជាតិមាតុគ្រប់បែបយ៉ាងរហូតដល់មានការអភិវឌ្ឍន៍សព្វថ្ងៃនេះ។
ជាមួយគ្នានោះលោក ពៅ សុខ ក៏សង្ឃឹមដែរថា មន្រ្តីយោធាទាំងបច្ចុប្បន្ន និងអនាគត នឹងបានជ្រួលជ្រាបបន្ថែមទៀតអំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំរួមទាំងតម្លៃនៃសុខសន្តិភាព និងគំរូវីរៈភាពរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍បោះជំហានទៅមុខឥតឈប់ឈររហូតដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា សៀវភៅ នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិទទួល បាននាពេលនេះ គឺមានសៀវភៅសម្ដេច ហ៊ុន សែន ៣យន្ដការ ឈ្នះកូវីដ-១៩ចំនួន៥០ក្បាល សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលចំនួន៣០០ក្បាល និងសៀវភៅ ទឹកចិត្ដអ្នកជួយសង្គ្រោះចំនួន៥០ក្បាល៕ អត្ថបទ ៖ បាន ចក់










