ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រត្រូវគោរពតាមច្បាប់បោះឆ្នោត និងគោលការណ៍នានាដែលបានកំណត់ ខណៈការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនាថ្ងៃទី១០ ខែកុម្ភៈខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្តីអំពាវនាវ បានឲ្យដឹងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឱ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជីធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។
សេចក្តីអំពាវនាវនេះ បញ្ជាក់ថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីធានាថាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធីអហិង្សាមានសន្តិសុខ និងសុវត្ថិភាព។
ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែងផ្លូវពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
បន្ថែមលើនេះ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុ ងស្មារតី ទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១.៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១.៦២២នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទះខ្មែរ ៕ អត្ថបទ ៖ សេក ឧត្តម

