ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម បានតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គមទាំង ២៥រាជធានី-ខេត្ត ក្នុងគោលដៅសំខាន់បង្កើនប្រសិទ្ធភាពការងារ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក៏ដូចជា របបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋ។ ការតែងតាំងនេះ គឺស្របពេលដែលរាជរដ្ឋាភិបាល ត្រៀមបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលកូវីដ-១៩ និងត្រៀមអនុវត្តកម្មវិធីថ្មីគឺ កម្មវិធីកញ្ចប់គ្រួសារ។
មូលនិធិជាតិជំនួយសង្គម នៅដើមខែ កុម្ភៈ ឆ្នាំ ២០២៤នេះ បានតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គម ចំនួន ២៥នាក់ ដើម្បីបំពេញតួនាទីនៅរាជធានី-ខេត្ត ទាំង២៥។ ក្នុងការតែងតាំងតួនាទីនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា តួនាទីជាប្រធានសាខានៅតាមរាជធានី-ខេត្ត
ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវយល់អំពី ចុក្ខវិស័យរបស់អង្គភាព។ ជាក់ស្ដែង គឺត្រូវបង្កើនប្រសិទ្ធភាពការងារ ការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានតម្លាភាពដើម្បីបម្រើផលប្រយោជន៍ជូនក្រុមពលរដ្ឋគោលដៅ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការតែងតាំងប្រធានសាខាមូលនិធិជាតិជំនួយសង្គមនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅខែ មីនា ឆ្នាំ ២០២៤ និងស្របពេលដែលរាជរដ្ឋាភិបាល ត្រៀមអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ ដែលជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ នៅខែ មេសា ឆ្នាំ ២០២៤ផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សា លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
ចំណុចនេះ ក៏ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៣ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន»។
រយៈពេលប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តដោយជោគជ័យនូវកម្មវិធីជាតិជំនួយសង្គមចំនួន ៥រួចមកហើយ។ កម្មវិធីជាតិជំនួយសង្គមទាំងនោះ រួមមាន កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់ កម្មវិធីឧបត្ថម្ភជួយដល់គ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា។
គួរបញ្ជាក់ឱ្យដឹងដែរថា មូលនិធិជាតិជំនួយសង្គមជាអង្គភាពថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបបង្កើតឡើងនៅឆ្នាំ ២០២២។ អង្គភាពនេះ មានតួនាទីភារកិច្ចសំខាន់ គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ៕ អត្ថបទ៖ គឹមហុក




