ភ្នំពេញ៖ ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។
កាលពីថ្មីៗនេះ ក្រុមស្រាវជ្រាវ របស់ក្រសួងបរិស្ថាន បានរកឃើញវត្តមានខ្លាឃ្មុំនេះ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា តាមរយៈរូបភាពដែលបានមកពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ចន្លោះ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ ប៉ុន្តែ គេមិនទាន់មានទិន្នន័យច្បាស់លាស់ថា ខ្លាឃ្មុំធំប៉ុន្មានក្បាល ដែលកំពុងមានវត្តមាននៅកម្ពុជានោះទេ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យ នៃក្រសួងបរិស្ថានបានថ្លែងថា ការរកឃើញវត្ត មាននៃខ្លាឃ្មុំធំនេះ គឺពិតជាមានសារប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ជីវចម្រុះ។ តាមរយៈទិន្នន័យនេះ នឹងជាមូលដ្ឋានសម្រាប់មន្ត្រីជំនាញ នៃក្រសួងបរិស្ថានសិក្សារៀបចំក្នុងការបែងចែកតំបន់ និងការរៀបចំផែនការសម្រាប់ការពារ និងអភិរក្សសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។
ឯកឧត្តម បានថ្លែងថាតាមរយៈទិន្នន័យរូបភាពដែលប្រមូលបាន វត្តមានសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ ដែលថតបានជាព័ត៌មានដ៏គួរឱ្យរីករាយ ព្រោះប្រភេទសត្វកម្រៗមួយចំនួន ដែលពិភពលោកជិតបាត់បង់ពូជតែមានវត្តមាននៅកម្ពុជា។ ខ្លាឃ្មុំធំមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។
នៅក្នុងប្រទេសកម្ពុជាខ្លា ឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។
ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី(សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ)ខ្លាឃ្មុំទទួលរងការគំរាមកំហែង ពីកត្តាជាច្រើនដែលរួមមានការបាត់បង់ទីជម្រក, ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។
តាមការសិក្សា ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្របដណ្តប់ដោ យរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។
ស្លឹកត្រចៀ កមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើងមានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស។
ចំណែកផ្នែកជីវៈសាស្ត្រវិញ ខ្លាឃ្មុំជាប្រភេទសត្វរស់នៅឯកឯង។ វារស់នៅជាគូពេលបន្តពូជតែប៉ុណ្ណោះ និងចូលចិត្តរស់នៅតាមទីជម្រកនៅតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។
វាដេកនៅពេលថ្ងៃតាមប្រហោងគល់ឈើធំៗ រូងភ្នំនិងក្រហែងថ្ម។ វាចេញរកស៊ីនៅពេលយប់ ប៉ុន្តែ នៅពេលខ្លះរកស៊ីនៅពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។
ចំណីរបស់វាមានដូចជា ឃ្មុំ ព្រួត ឬសឈើ សត្វល្អិត រុក្ខជាតិ វាមានលក្ខណៈបន្ស៊ាំផងដែរទៅនឹងចំណីផ្សេងៗ។ ខ្លាឃ្មុំធំបង្កើតកូនម្តងបានពី១ ទៅ២ក្បាល បន្ទាប់ពីពពោះរយៈពេលពី៧ទៅ៨ខែ ហើយជួនកាលមានកូនរហូតដល់ ៣ ទៅ៤ក្បាល ប៉ុន្តែ ចំនួននេះ កម្រនឹងមានណាស់។ ខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ៕ អត្ថបទ៖ គង់ឌិន