
អ្នករៀបចំការតវ៉ាបាននិយាយថា និស្សិតឥណ្ឌូនេស៊ីរាប់រយនាក់ គ្រោងធ្វើបាតុកម្មនៅថ្ងៃពុធ (០៧ កុម្ភៈ) នេះ ប្រឆាំងនឹងការជ្រៀតជ្រែកដែលពួកគេបានយល់ឃើញ របស់លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីជំនួសមេដឹកនាំនៃប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះ។
ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះពីការស្ទង់មតិ និស្សិតរហូតដល់ ២.០០០ នាក់មកពីសាកលវិទ្យាល័យជាច្រើន ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រមូលផ្តុំមួយនៅកណ្តាលនៃរដ្ឋធានីហ្សាកាតា ដោយអំពាវនាវឱ្យលោកប្រធានាធិបតី ដែលមានឈ្មោះក្រៅថា ចូកូវី (Jokowi) រូបនេះ រក្សាអព្យាក្រឹតក្នុងការប្រកួតប្រជែងដ៏ក្តៅគគុក។
ទោះបីជាលោកមិនបានគាំទ្របេក្ខភាពណាមួយច្បាស់លាស់ក៏ដោយ ក៏លោក ចូកូវី បានបង្ហាញខ្លួនជាសាធារណៈយ៉ាងញឹកញាប់ជាមួយនឹងបេក្ខជននាំមុខ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលកំពុងប្រកួតរួមគ្នាជាមួយកូនប្រុសច្បងរបស់ប្រធានាធិបតី គឺ លោក ហ្គីប្រាណ រ៉ាខាប៊ូមីង រ៉ាខា (Gibran Rakabuming Raka)។
គម្រោងនៃការប្រមូលផ្តុំគ្នានេះកើតឡើងបន្ទាប់ពីអ្នកសិក្សាមកពីសាកលវិទ្យាល័យរាប់សិបកាលពីសប្តាហ៍មុន បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីលើកឡើងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ហើយជំរុញឱ្យលោក ចូកូវី និងក្រុមមន្ត្រីរដ្ឋ រក្សាអព្យាក្រឹតភាពក្នុងដំណើរការបោះឆ្នោត៕