
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានរិះគន់ខ្លាំងៗកាលពីថ្ងៃអង្គារចំពោះការផ្អាកការផ្តល់មូលនិធិរបស់ប្រទេសមួយចំនួនដល់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ដោយចាត់ទុកវាថា «ផ្ទុយពីសីលធម៌» និងគ្រោះថ្នាក់។
លោក អាម៉េដ អាប៊ូល ហ្គេត(Ahmed Aboul Gheit) បាននិយាយថា ការបញ្ឈប់តួនាទីរបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ។
លោក និយាយថា ចំណាត់ការទាំងនេះ នឹងបម្រើដល់អ្វីដែលលោកចាត់ទុកថាចាគោលដៅរបស់អ៊ីស្រាអែល ដើម្បីកម្ចាត់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបម្រើការជាអ្នកផ្តល់សេវាសំខាន់ៗដល់ជនភៀសខ្លួនប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា។
លោក Aboul Gheit បានកោតសរសើរការសម្រេចចិត្តរបស់បណ្តាប្រទេសនានា រួមមានប្រទេស អេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការបង្កើនមូលនិធិ និងបណ្តាប្រទេសនានាដែលបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារផ្តល់ជំនួយ។ កាលពីថ្ងៃទី ២៧ ខែមករា បណ្តាប្រទេសអឺរ៉ុបចំនួន៦ រួមមាន អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងប្រទេសហ្វាំងឡង់ បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ក្នុងការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកជាច្រើនរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះថា មានជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាសកក្នុងការវាយប្រហារនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។