ក្រុមហ៊ុន ហុងដា ម៉ូទ័រ ខូ (Honda Motor Co) បាននិយាយកាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ថាខ្លួនកំពុងប្រមូលរថយន្តចំនួន ៧៥០.០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ ជុំវិញបញ្ហាដែលទាក់ទងនឹងពោងខ្យល់សុវត្ថិភាពដែលអាចលោតឡើងដោយអចេតនាក្នុងអំឡុងពេលគ្រោះថ្នាក់។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បាននិយាយកាលពីថ្ងៃអង្គារថា ឧបករណ៍សេនស័រចាប់ទម្ងន់កៅអីអ្នកដំណើរខាងមុខអាចប្រេះ និងសៀគ្វីខ្លី ដោយមិនអាចទប់ស្កាត់ពោងសុវត្ថិភាពដូចដែលត្រូវកំណត់ ហើយអ្នកលក់ចែកចាយនឹងជំនួសឧបករណ៍ចាប់សញ្ញាទម្ងន់កៅអីទាំងនោះ។
ការប្រមូលមកវិញនោះរួមមានរថយន្ត ហុងដា ផាយឡុត (Honda Pilot) រថយន្ត ហុងដា អាកខត (Accord) និងរថយន្ត ហុងដា ស៊ីវីក (Civic) មួយចំនួនពីម៉ូដែលឆ្នាំ ២០២០ ដល់ម៉ូដែល ២០២២ ព្រមទាំងរថយន្ត ហុងដា ស៊ីអាវី (Honda CR-V) និងរថយន្ត ហុងដា ផាសស្ពត (Passport) មួយចំនួនពីម៉ូដែលឆ្នាំ ២០២០ និងម៉ូដែល ២០២១។
ក្រុមហ៊ុន ហុងដា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដាក់ទៅកាន់និយតករសុវត្ថិភាពបាននិយាយថា ខ្លួនមានការធានាចំនួន ៣.៨៣៤ករណី ហើយថាមិនមានរបាយការណ៍អំពីការរងរបួស ឬការស្លាប់ ដែលទាក់ទងនឹងបញ្ហានៃការប្រមូលមកវិញនោះទេចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។
នៅក្នុងខែធ្នូ ក្រុមហ៊ុន ហុងដា បានប្រមូលរថយន្តចំនួន ៤,៥ លានគ្រឿងនៅទូទាំងពិភពលោកជុំវិញហានិភ័យនៃការបរាជ័យនៃឧបករណ៍បង្ហូរប្រេង ដែលរួមមានរថយន្តចំនួន ២,៥៤ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក៕