UN៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចដល់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឲ្យដោះលែងម្ចាស់ពានរង្វាន់ណូបែលលោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint ឥឡូវនេះ មួយថ្ងៃបន្ទាប់ពីអ្នកជាប់ឃុំរាប់ពាន់នាក់ផ្សេងទៀតត្រូវបានដោះលែង។

លោកស្រី Eri Kaneko អ្នកនាំពាក្យរងរបស់ Guterres បាននិយាយថា យើងសូមអំពាវនាវម្តងទៀតឱ្យដោះលែងជាបន្ទាន់ គ្រប់អ្នកទាំងអស់ដែលត្រូវបានឃុំឃាំងតាមអំពើចិត្ត ដែលរួមមានប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សហភាពមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ២.០០០នាក់កាលពីថ្ងៃពុធក្នុងនោះមានអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត ដែលយោធាកំពុងកាន់អំណាចបានចោទប្រកាន់ពីបទញុះញង់ ឲ្យចូលរួមក្នុងការតវ៉ា។ ក្រុមប្រឆាំងយោធាជាច្រើនត្រូវបានឃុំខ្លួន ខ្លះត្រូវបានផ្ដន្ទាទោសក្រោមច្បាប់ដែលកំណត់ទោសបទឧក្រិដ្ឋ ដល់ការអត្ថាធិប្បាយទាំងឡាយណាដែលនាំឱ្យមានការភ័យខ្លាច ឬផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកស្រី Aung San Suu Kyi កំពុងត្រូវបានកាត់ទោសពីបទឧក្រិដ្ឋស្រដៀងគ្នានេះ ក្នុងចំណោមជនទាំងនោះ និងកំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ៕
អត្ថបទ៖ សុខមាន