
អ៊ីស្រាអែលបានហៅការធានាឲ្យមានសេរីភាពដល់ចំណាប់ថ្នូរ ដែលត្រូវបានចាប់ខ្លួននាំយកទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបថា ជាគោលដៅដ៏ចម្បងក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ហើយកាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) មនុស្សជាច្រើននៅក្នុងប្រទេសមានការភ្ញាក់ផ្អើល នៅពេលដែលមានការលេចឡើងមកថា យ៉ាងហោចណាស់ ១ភាគ៥ នៃចំណាប់ថ្នូរទាំងនោះ បានស្លាប់ហើយ។
ពត៌មានអកុសលនេះទំនងជាធ្វើឲ្យការខឹងសម្បាដែលមានស្រាប់កាន់តែពុះកញ្ជ្រោលឡើង នៅអ៊ីស្រាអែល ដែលការជជែកវែកញែកជុំវិញសកម្មភាពរបស់រដ្ឋាភិបាលនៅតំបន់ហ្កាហ្សា ពាក់ព័ន្ធនឹងចំណាប់ថ្នូរ បានក្លាយទៅជាការទាស់ទែងគ្នា។ បើយោងតាមការវាយតម្លៃសម្ងាត់ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន The New York Times (Times) បានឲ្យដឹងថា មន្ត្រីចារកម្មអ៊ីស្រាអែលបានសន្និដ្ឋានថា យ៉ាងហោចណាស់ចំណាប់ថ្នូរ ៣០នាក់ ក្នុងចំណោមចំណាប់ថ្នូរនៅសល់ ១៣៦នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស និងសម្ព័ន្ធមិត្តរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា បានស្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនេះ។
សាកសពរបស់ជនជាតិអ៊ីស្រាអែល ២នាក់ផ្សេងទៀតដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៤ អំឡុងសង្រ្គាមកាលពីមុន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានឃុំខ្លួននៅក្នុងដែនដីនេះ ចាប់តាំងពីពេលនោះមក ដែលនាំឲ្យចំនួនចំណាប់ថ្នូរស្លាប់សរុប នៅក្នុងតំបន់ហ្កាហ្សា មានយ៉ាងហោចណាស់ ៣២នាក់។
រដ្ឋាភិបាលអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រាប់ថា មនុស្ស ៣១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់។ តែភាពខុសគ្នារវាងតួលេខទាំង២ នេះ មិនអាចបញ្ជាក់ថា ត្រូវគ្នាភ្លាមៗនោះទេ។
បន្ទាប់ពីសារព័ត៌មាន Times ចេញផ្សាយរបាយការណ៍អំពីការស្លាប់ចំណាប់ថ្នូរ ដែលត្រូវបានបង្ហាញឲ្យដឹងកាលពីមុន ឧត្តមនាវីទោលោក Daniel Hagari អ្នកនាំពាក្យរបស់យោធា បាននិយាយនៅថ្ងៃអង្គារនោះថា៖ «យើងបានជូនដំណឹងដល់ក្រុមគ្រួសារចំនួន ៣១គ្រួសារថា មនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានចាប់ខ្លួននោះ លែងមានវត្តមានក្នុងចំណោមអ្នកនៅរស់ហើយ ហើយយើងបានប្រកាសថា ពួកគេបានស្លាប់ហើយ»៕