
នៅពេលនិយាយអំពីការប្រកួតប្រជែងនយោបាយ ខេត្ត Central Java (ជ្វាកណ្ដាល) គឺជាសមរភូមិដ៏ក្តៅបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ ដោយមានអ្នកបោះឆ្នោតសរុបចំនួន ២៨,២លាននាក់ នៅឆ្នាំនេះ ខេត្តនេះនឹងរួមចំណែកប្រហែល ១៤ភាគរយនៃសន្លឹកឆ្នោតសរុបដែលបានបោះនៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី១៤ ខែកុម្ភៈ។
ខេត្តនេះនៅពីក្រោយតែខេត្តចំនួន២ ប៉ុណ្ណោះ គឺខេត្ត West Java (ជ្វាខាងលិច) ដែលមានអ្នកចុះឈ្មោះបោះឆ្នោត ៣៥,៧លាននាក់ និងខេត្ត East Java (ជ្វាខាងកើត) ដែលមានអ្នកបោះឆ្នោត ៣១លាននាក់។ នៅក្នុងខេត្តជ្វាកណ្ដាលតែមួយ មានអាសនៈសភាចំនួន៧៧ នៅថ្នាក់ជាតិ សម្រាប់ប្រកួតប្រជែង។
ការប្រកួតប្រជែងដណ្ដើមអាសនៈនេះ មានបេក្ខជនរាប់រយនាក់មកពីគណបក្សនយោបាយចំនួន១៨ ក្នុងនោះរួមទាំងគណបក្សទើបកើតថ្មី គឺគណបក្សសាមគ្គីឥណ្ឌូនេស៊ី (Partai Solidaritas Indonesia) ដែលផ្តោតលើយុវជន សមភាពយេនឌ័រ និងពហុភាគីនិយម គណបក្សប្រជាធិបតេយ្យនៃការតស៊ូឥណ្ឌូនេស៊ី (PDI-P) ដែលកំពុងកាន់អំណាច និងគណបក្សមហាចលនាឥណ្ឌូនេស៊ី (Gerindra )។
រដ្ឋធានីរបស់ខេត្តជ្វាកណ្តាល គឺទីក្រុង Semarang ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងសេដ្ឋកិច្ចដ៏មមាញឹក គឺជាផ្នែកមួយនៃអ្វីដែលធ្វើឲ្យខេត្តនេះមានសារៈសំខាន់។ ឧស្សាហកម្មដែលរីកចម្រើន នៅទីនោះ មានចាប់ពីវាយនភណ្ឌ និងស្បែកជើង រហូតដល់គ្រឿងសង្ហារិម និងថ្នាំជក់។ បេក្ខជនប្រធានាធិបតី លោក Ganjar Pranowo ដែលបានបម្រើការពីរអាណត្តិជាអភិបាលខេត្តជា្វកណ្ដាលនេះ បានជំរុញឲ្យមានកំណែទម្រង់ការិយាធិបតេយ្យ និងការធ្វើឲ្យទៅជាប្រព័ន្ធឌីជីថល ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ។
ខេត្តជ្វាកណ្ដាលអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺជាបន្ទាយដ៏រឹងមាំរបស់គណបក្ស PDI-P ហើយវាមិនមែនជារឿងចម្លែកនោះទេដែលលោក Ganjar នៅតែបន្តមានប្រជាប្រិយភាព នៅទីនោះ រួមជាមួយនឹងដៃគូប្រកួតប្រជែងរបស់លោក គឺលោក Mahfud MD ដែលជាអ្នកស្រុកខេត្តជ្វាខាងកើត។
តែយ៉ាងណាក្ដី ដោយរយៈពេលនៃយុទ្ធនាការនៅក្នុងការរាប់ថយក្រោយចុងក្រោយ ក្រុមជនជាតិភាគតិចយ៉ាងច្រើន និងអ្នកបោះឆ្នោតដែលនៅរារែក នៅក្នុងខេត្តជ្វាកណ្ដាលនេះ អាចជាគន្លឹះដ៏សំខាន់ក្នុងការបើកផ្លូវឲ្យមានមេដឹកនាំកំពូលបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ីក៏ថាបាន៕