
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន នៅថ្ងៃពុធ (ទី៧ ខែមករា) នេះ បានឲ្យដឹងថា ខ្លួននឹងជួយជម្រុញដល់ឧស្សាហកម្មរថយន្តថាមពលថ្មី (NEV) ដើម្បី «ឆ្លើយតបយ៉ាងសកម្ម» ចំពោះការរឹតបន្តឹងពាណិជ្ជកម្មបរទេស និងសហការជាមួយក្រុមហ៊ុនក្រៅប្រទេស ចំពេលមានការស៊ើបអង្កេតរបស់តំបន់អឺរ៉ុប ជុំវិញការឧបត្ថម្ភធនរបស់ចិន សម្រាប់វិស័យនេះ។
ក្រសួងបានចេញគោលការណ៍ណែនាំ ដែលជួយជំរុញដល់ក្រុមហ៊ុនផលិតរថយន្តឲ្យបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងសេវាក្រោយលក់នៅបរទេស ដើម្បីសហការជាមួយដៃគូបរទេស ក្នុងការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រុមហ៊ុនដឹកជញ្ជូនលើផ្នែកភ័ស្តុភារកម្ម។
នៅក្រោមវិធានការនេះ ធនាគារចិននឹងត្រូវបានលើកទឹកចិត្តឲ្យពង្រីកសេវាកម្មទាំងក្នុងស្រុក និងក្រៅប្រទេសសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ រួមទាំងទំហំនៃការទូទាត់ប្រាក់យ័នឆ្លងព្រំដែនផងដែរ។ ក្រសួងក៏បានលើកឡើងផងដែរថា ខ្លួននឹងបង្កើនប្រសិទ្ធភាពនីតិវិធីនាំចេញសម្រាប់រថយន្តអគ្គិសនីថ្មី និងអាគុយ។
សូមបញ្ជាក់ថា ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថា បានវ៉ាដាច់ប្រទេសជប៉ុនក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០២៣ ហើយឥទ្ធិពលកើនឡើងយ៉ាងខ្លាំងរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុននាំចេញរថយន្តនេះ កំពុងបង្កឲ្យមានភាពតានតឹងនៅក្រៅប្រទេស។ កាលពីខែកញ្ញា គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតលើរថយន្តអគ្គិសនីដែលផលិតដោយចិន ជុំវិញការឧបត្ថម្ភធនដែលពួកគេអាចទទួលបាន ជាការសម្រេចដែលទីក្រុងប៉េកាំងឲ្យឈ្មោះថា ជា «អ្នកគាំពារនិយម»៕