
អំឡុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខែប្រវត្តិសាស្ត្ររបស់ជនជាតិអាមេរិកស្បែកខ្មៅ កាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បានថ្លែងប្រាប់អ្នកចូលរួមនៅសេតវិមានថា លោករំពឹងថា នឹងអាចវិលត្រឡប់មកវិញនៅឆ្នាំក្រោយ ដើម្បីប្រារព្ធពិធីដ៏ពិសេសថ្ងៃនេះ ដោយបង្ហាញពីយុទ្ធនាស្វែងរកការជាប់ឆ្នោតឡើងវិញប្រកបដោយជោគជ័យ។
ក្នុងឱកាសនៃជំនួបនោះ លោក បៃដិន បានថ្លែងអំណរគុណដល់សហគមន៍ជនជាតិអាមេរិកស្បែកខ្មៅសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបានអំពាវនាវឲ្យអ្នកបោះឆ្នោតជ្រើសរើសភាពស្មោះត្រង់ សុភាវធម៌ សេចក្តីថ្លៃថ្នូរ និងការគោរព។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃសៅរ៍ (ទី៣ ខែកុម្ភៈ) លោក បៃដិន បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ នៅរដ្ឋ South Carolina ដែលជាការប្រកួតប្រជែងផ្លូវការដំបូងគេនៃរដូវកាលឈរឈ្មោះរបស់គណបក្សនេះ។ ទោះបីជាលោក បៃដិន វ័យ ៨១ឆ្នាំ មាននូវសំឡេងការប្រឆាំងតិចតួច ក៏ការបោះឆ្នោតកំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ ចំពេលមានការព្រួយបារម្ភអំពីប្រជាប្រិយភាពរបស់លោក ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតជនជាតិអាមេរិកស្បែកខ្មៅ។
កាលពី ៤ឆ្នាំមុន គឺការបោះឆ្នោតរបស់ជនជាតិអាមេរិកស្បែកខ្មៅនៅរដ្ឋ South Carolina ក្នុងការបោះឆ្នោតបឋមរបស់រដ្ឋនេះហើយ ដែលបានជួយផ្ដល់ពន្លឺដល់យុទ្ធនាការរបស់លោក បៃដិន ហើយទីបំផុត ជំរុញឲ្យលោកឡើងទៅកាន់តំណែងសេតវិមាន៕