
ពេលចាប់ផ្តើមជំនួប COP10ស្តីពីការគ្រប់គ្រងថ្នាំជក់នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ប្រមុខអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានចាត់ទុកថ្នាំជក់ថាស្ថិតនៅក្នុងចំណោមការគំរាមកំហែងសុខភាពសាធារណៈធំបំផុត ។
សម័យប្រជុំលើកទី១០នៃសន្និសីទភាគីនានារបស់អនុសញ្ញាក្របខ័ណ្ឌ WHO ស្តីពីការគ្រប់គ្រងថ្នាំជក់(FCTC) ត្រូវបានគេរំពឹងថា នឹងអនុម័តវិធានការជាក់លាក់ ដើម្បីលើកឡើងពីការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការផ្សព្វផ្សាយ និងការឧបត្ថម្ភ ក៏ដូចជាវិធានការគ្រប់គ្រងថ្នាំជក់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារសុខភាពមនុស្ស ។
គណប្រតិភូមកពីទូទាំងពិភពលោក នឹងជួបជុំគ្នានៅប្រទេសប៉ាណាម៉ា រហូតដល់ថ្ងៃទី ១០ ខែកុម្ភៈខាងមុខនេះ ។
យោងតាមការអះអាងរបស់ WHO បានឲ្យដឹងថា ថ្នាំជក់សម្លាប់មនុស្ស ៨,៧លាននាក់ នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ពីជំងឺបេះដូង និងសរសៃឈាម មហារីក ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ៕