បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិកម្ពុជា នឹងបន្តការប្រកួតឡើងវិញចាប់ថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកជាង ១ខែដោយសារបេសកកម្មជម្រុះបាល់ទាត់ពិភពលោក ២០២២ ជុំទី២ តំបន់អាស៊ី។

យោងតាមកម្មវិធីប្រកួតដែលចេញដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)បានឱ្យដឹងថា ថ្ងៃសៅរ៍ ទី០៣ ខែកក្កដានេះមានបីប្រកួត ក្នុងនោះក្លិបណាហ្កាវើលដ៍ធ្វើដំណើរទៅជួបក្លិបវិសាខា បឹងកេតធ្វើដំណើរទៅកាន់ទឹកដីខេត្តព្រៃវែង និងសូលទីឡូអង្គរទទួលនគរបាលជាតិ។ ប្រកួតទាំងបីនេះធ្វើឡើងនៅម៉ោង ៣និង៣០នាទីរសៀល។ មុនការប្រកួតជាមួយសូលទីឡូអង្គរមកដល់ កីឡាករខ្សែប្រយុទ្ធនគរបាលជាតិ នួន បុរី បានបញ្ជាក់ថា មិនអាចប្រហែសបានឡើយ ព្រោះគិតថា ក្រុមទាំងអស់នៅក្របខណ្ឌ Metfone Cambodian League សុទ្ធតែអាចបង្កការលំបាកដូចគ្នា។ ជាក់ស្ដែង បឹងកេតក៏ឈ្នះដោយលំបាកដែរ ពេលប៉ះសូលទីឡូក្នុងការប្រកួតកន្លងទៅ។ ដូច្នេះក្រុមនគរបាលជាតិត្រូវរក្សាទំនុកចិត្តដើម្បី ៣ពិន្ទុក្នុងជំនួបជាមួយសូលទីឡូសប្ដាហ៍នេះ។ នគរបាលជាតិមាន ១ពិន្ទុពីការប្រកួត ៤លើកស្ថិតនៅលេខ១២ ខណៈសូលទីឡូអង្គរនៅលេខ១៣ ពុំទាន់មានពិន្ទុនៅឡើយទេ។ ជំនួបក្រុមទាំង២ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា នាកីឡដ្ឋាន SRU ខេត្តសៀមរាប។
ចំនែកការប្រកួតថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១ មានតែមួយប្រកួតប៉ុណ្ណោះ ដោយក្រុមអគ្គិសនីកម្ពុជាទទួលក្លិបបាល់ទាត់អាស៊ីអឺរ៉ុប នៅទឹកដីអគ្គិសនីកម្ពុជាទួលសង្កែវេលាម៉ោង ៣និង៣០នាទីរសៀល។ កីឡាករអ្នកចាំទីអាស៊ីអឺរ៉ុប ពេជ្រ រ៉ូវិនយោធិន បានបញ្ជាក់ការតាំងចិត្តថា ក្រុមត្រូវការពិន្ទុប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀត ហើយអគ្គិសនីក៏មានរបៀបលេងប្រហាក់ប្រហែលយើងទៀត ដូច្នោះត្រូវរៀបចំឲ្យល្អជាងការប្រកួតមុនៗទៀត ដើម្បីយកឈ្នះអគ្គិសនីឲ្យបាន ព្រោះប្រកួតក្រោយយើងត្រូវប៉ះក្រុមខ្លាំងៗច្រើនណាស់។ កីឡាកររូបនេះបន្តថា សមាជិកគ្រប់រូបបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតលីគកំពូលសាជាថ្មីនេះ បន្ទាប់ពីសម្រាកអស់រយៈពេល ១ខែអំឡុងការប្រកួតរបស់ក្រុមជម្រើសជាតិ។ ដោយបន្តថា ទោះបីគ្រូបង្គោល សុក វាសនា មានទុក្ខក្នុងគ្រួសារមិនបានបង្ហាត់ជាប់លាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែកីឡាករទាំងអស់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងពេញទំហឹង។ គួរបញ្ជាក់ថា ទាំងអគ្គិសនីកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីតសុទ្ធតែប្រកួតបាន ៤លើកដូចគ្នា និងមាន ៣ពិន្ទុពីការឈ្នះមួយលើកៗដូចៗគ្នា៕
អត្ថបទ៖ គង់ហួន