
មេដឹកនាំធុរកិច្ចនៅចក្រភពអង់គ្លេស (UK) បាននិយាយនៅសប្តាហ៍នេះថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន ដែលជាប្រទេសមួយដែលកាន់តែមានសារៈសំខាន់សម្រាប់ចក្រភពអង់គ្លេសក្រោយពីចាកចេញពីសហភាពអឺរ៉ុប( Brexit)។
ការអធិប្បាយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទក្នុងអំឡុងពិធីអបអរបុណ្យចូលឆ្នាំចិន២០២៤ ត្រូវប្រារព្ធឡើងរួមគ្នាដោយក្លិប 48 Group Club សភាពាណិជ្ជកម្មចិន នៅចក្រភពអង់គ្លេស (CCCUK) និងក្រុមប្រឹក្សាធុរកិច្ចចិន-អង់គ្លេស (CBBC)។
នៅឆ្នាំ ១៩៥៤ លោក Jack Perry ដែលជាស្ថាបនិកនៃសាជីវកម្មនាំចេញទីក្រុងឡុងដ៍ បានដឹកនាំក្រុមពាណិជ្ជករអង់គ្លេសចំនួន ៤៨នាក់ ក្នុងបេសកកម្មពាណិជ្ជកម្មជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងប៉េកាំង។ បេសកកម្មនេះ បានជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មសម័យទំនើបដំបូងបង្អស់ជាមួយប្រទេសចិន ដោយបានបំបែកទណ្ឌកម្មរបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពលើសាធារណរដ្ឋប្រជាមានិតចិន ដែលទើបបង្កើតថ្មី។
ពាណិជ្ជករទាំង ៤៨នាក់ ជាអ្នកបង្កើតក្លិប 48 Group Club។ ការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុងប៉េកាំង ត្រូវបានគេស្គាល់ថា ជា «បេសកកម្មស្គាល់គ្នាលើកដំបូង (Icebreaking Mission)» ហើយសមាជិកក្លិបជា «ក្រុមអ្នកស្គាល់គ្នាលើកដំបូង»។
នាយករដ្ឋមន្ត្រីចិនលោក លី គាំង (Li Qiang) បាននិយាយនៅក្នុងសារអបអរសាទរចំពោះព្រឹត្តិការណ៍ ដែលអានដោយលោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសថា៖«ការអនុវត្តបានបង្ហាញឲ្យឃើញយ៉ាងពេញលេញថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងចក្រភពអង់គ្លេសមិនត្រឹមតែបម្រើផលប្រយោ ជន៍ជាមូលដ្ឋាននៃភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោកទៀតផង»។