ភ្នំពេញ ៖ អង្គភាពចំនួន ១៥ រួមមានបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព បានឈានដល់វគ្គផ្ដាច់ព្រ័តជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ ជាការជ្រើសរើសជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ នៅថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើមដំណើរការ ការពិនិត្យ វាយតម្លៃ និងសម្រេចចុងក្រោយ ដោយតម្រូវអោយបេក្ខភាពទាំង១៥ ត្រូវធ្វើបទបង្ហាញពីទិដ្ឋភាពជាក់ស្តែង និងសមិទ្ធផលសម្រេចបានធៀបនឹងលក្ខណៈវិនិច្ឆ័យ គោលទាំង៨ សម្រាប់ការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល។
ដំណើរការវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយនេះ ប្រព្រឹត្តទៅរយៈពេល០២ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រួមជាមួយសមាជិកនៃគណៈកម្មការ ដែលមានសមាសភាពមកពី អន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងក្រុមការងារគណៈកម្មការវាយតម្លៃបច្ចេកទេស។
ក្នុងការវាយតម្លៃនេះ ថ្នាក់ដឹកនាំ និងសមាជិក គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងពិនិត្យវាយតម្លៃ ព្រមទាំងធ្វើចំណាត់ថ្នាក់លំដាប់ពីលេខ១ដល់ លេខ៥ ក្នុងចំណោមបេក្ខភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំង ១៥។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូនៃការផ្តល់សេវាសាធារណៈ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល។
ឯកឧត្តមបន្តថា ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ។
ឆ្លងកាត់ដំណាក់កាល ជ្រើសរើសបឋម និងដំណាក់កាលជ្រើសសម្រាំងកន្លងមក ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បានឈានមកដល់ដំណាក់កាលវាយតម្លៃថ្នាក់ជាតិចុងក្រោយ ដើម្បីស្វែងរកជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយមានបេក្ខភាពជ័យលាភីចំនួន១៥អង្គភាព ចុងក្រោយចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ នៅសាលាភូមិន្ទរដ្ឋបាលរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមនាព្រឹកនេះ។ បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យ យ៉ាងល្អិតល្អន់ចំនួន៨ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដាសេវាសាធារណៈ, និយាមនៃផ្តល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។
គួររម្លឹកថា កាលពីឆ្នាំ២០១៨ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យអប់រំ បានទៅវិទ្យាល័យពេជ្រចិន្តា ខណៈ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល រួមមាន៖ មន្ទីរពេទ្យបង្អែកបាកាន (CPA1) មន្ទីរពេទ្យបង្អែក ខេត្តកោះកុង (កម្រិត CPA2) និងមន្ទីរពេទ្យខេត្តកំពង់ចាម (កម្រិតCPA3) ។ អត្ថបទ.គឹមហុក