
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងនាថ្ងៃពុធនេះថា ការសាងសង់ស្ថានីយ៍អង់តាក់ទិករបស់ចិន គឺស្របតាមច្បាប់អន្តរជាតិទាំងស្រុង និងនីតិវិធីពាក់ព័ន្ធនឹងតំបន់អង់តាក់ទិក ។
ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួ រាយការណ៍ថា នៅថ្ងៃពុធនេះ ចិនបានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្រ្តសមុទ្រ Ross របស់ខ្លួន ជាកិច្ចចាប់ផ្តើមប្រតិបត្តិការនៅប៉ុស្តិ៍មុខជាលើកដំបូង ស្ថិតក្នុងផ្នែកមួយនៃតំបន់អង់តាកទិក នៅភាគខាងត្បូងអូស្រ្តាលី និងណូវែលសេឡង់ ។
លោក Wang និយាយបន្តទៀតថា វានឹងអំណោយផលដល់ការលើកកម្ពស់ចំណេះដឹងវិទ្យាសាស្ត្ររបស់មនុស្សពីអង់តាក់ទិក ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ រាយការណ៍ថា នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើសេចក្តីអត្ថាធិប្បាយពេលបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ស្ថានីយ៍មួយនេះ ហើយលោកបានជំរុញឲ្យក្រុមការងារស្ថានីយ៍ ដឹងកាន់តែច្បាស់ ការពារ និងប្រើប្រាស់តំបន់ប៉ូលជាមួយសហគមន៍អន្តត្រជាតិ ៕