
លោកអភិបាលក្រុង អូឡេកសាន សែនកេវីច ( Oleksandr Senkevich) បានរាយការណ៍នៅលើ បណ្តាញសង្គមTelegramថា យ៉ាងហោចណាស់មានអគារចំនួន ២០បានបាត់បង់ដំបូលអស់ ខណៈដែលទីក្រុងមីកូឡៃ Mykolaiv បានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់របស់រុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ។
អភិបាលតំបន់មីកូឡៃ លោក Vitaliy Kim បាននិយាយថា ប្រទេសរុស្ស៊ី បានធ្វើការវាយលុកដោយយានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ និងមីស៊ីលតាមអាកាសរបស់រុស្ស៊ី នៅឯទីក្រុងភាគខាងត្បូងអ៊ុយក្រែន។
លោក Vitaliy Kim បាននិយាយថា បុរសម្នាក់ បានរងរបួសក្នុងការវាយប្រហារនេះ ហើយបានទទួលការព្យាបាលពីគ្រូពេទ្យ។
លោក Senkevich បានអះអាងថា មនុស្សជាច្រើននាក់ទៀត បានរងរបួស បើទោះជាអាជ្ញាធរ នៅតែកំណត់ចំនួនពិតប្រាកដក៏ដោយ។
ការវាយប្រហារបានធ្វើឲ្យខូចបណ្តាញផ្គត់ផ្គង់ឧស្ម័ន និងទឹក; កម្មករសេវាសាធារណៈ បច្ចុប្បន្ន កំពុងកំណត់ទំហំនៃការខូចខាត។
ហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង ត្រូវបានបំផ្លាញ ហើយរចនាសម្ព័ន្ធបច្ចេកទេសមួយ បានឆាបឆេះ ទោះបីជាអគ្គិភ័យ បានរលត់ទៅហើយក្តី។