
ក្រុមរដ្ឋអាជ្ញាស៊ុយអែត និយាយនៅថ្ងៃពុធនេះថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតបន្ថែមទៀតលើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ។
ក្រុមអាជ្ញាធររដ្ឋអាជ្ញាស៊ុយអែត និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបញ្ចប់ការស៊ើបអង្កេតនេះ គឺថាតុលាការស៊ុយអែត ពុំអនុវត្តន៍នោះទេ ដូច្នេះហើយការស៊ើបអង្កេតគួរតែបិទបញ្ចប់ ។
គួរឲ្យដឹងថា បំពង់បង្ហូរឧស្ម័ន Nord Stream តម្លៃរាប់ពាន់លានដុល្លារដែលបង្ហូរឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នៅក្រោមបាតសមុទ្របាល់ទិក ត្រូវបានបែកធ្លាយដោយសារការបំផ្ទុះជាបន្តបន្ទាប់នៅដែនសមុទ្រស៊ុយអែត និងដាណឺម៉ាក កាលពីខែកញ្ញា ឆ្នាំ ២០២២ ធ្វើឲ្យបញ្ចេញសារធាតុមេតានក្នុងបរិមាណយ៉ាងច្រើនចូលទៅក្នុងបរិយាកាស ។
នគរបាលដាណឺម៉ាក និយាយថា បំពង់បង្ហូរឧស្ម័ន រងការបំផ្ទុះដ៏ខ្លាំងក្លា ហើយក្រុមអ្នកស៊ើបអង្កេតស៊ុយអែត បានបញ្ជាក់ថា ដានគ្រឿងផ្ទុះរកឃើញនៅទីនោះ បង្ហាញពីការបំផ្លិចបំផ្លាញដោយចេតនា ។
ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ បានបើកការស៊ើបអង្កេតដាច់ដោយឡែកពីគ្នា ជុំវិញការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលប្រទេសនិមួយៗគ្រប់គ្រងព័ត៌មានយ៉ាងតឹងរឹងបំផុត ។ ប្រទេសដាណឺម៉ាក និងអាល្លឺម៉ង់ នៅបន្តការស៊ើបអង្កេតរបស់ពួកគេនៅឡើយ ។
ប្រសិនជាគ្មានភ័ស្តុតាងបញ្ជាក់ណាមួយ ត្រូវបានរកឃើញដោយការស៊ើបអង្កេតដែលនៅសេសសល់ទេនោះ អាថ៌កំបាំងនៅពីក្រោយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយចេតនាក្នុងប្រវត្តិសាស្ត្រនាសម័យទំនើប អាចនឹងមិនត្រូវបានដោះស្រាយ ៕