
រដ្ឋាភិបាលនៃប្រទេសបូលីវីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ (ថ្ងៃទី 6 ខែកុម្ភៈ) ក្នុងតម្លៃ ៣៥០លានដុល្លារ ដែលជាហិរញ្ញប្បទានពីធនាគារនាំចេញ-នាំចូលរបស់ប្រទេសចិន ដើម្បីសាងសង់រោងចក្រកែច្នៃស័ង្កសីដំបូងរបស់ប្រទេសនៅអាមេរិកខាងត្បូង។
ប្រាក់កម្ចីរយៈពេល ២០ឆ្នាំពីធនាគារនាំចេញ-នាំចូលរបស់ចិននេះ នឹងមានអត្រាការប្រាក់ ២ភាគរយ។ នេះបើយោងតាមក្រសួងរ៉ែរបស់ប្រទេសបូលីវី។
បូលីវីកាលពីឆ្នាំមុនបានផ្តល់កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យអណ្តូងរ៉ែដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Enfi-Crig និងក្រុមហ៊ុន Chongqing CISDI Engineering Consulting Co. របស់ប្រទេសចិន។ បើយោងតាមសេវាស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា បូលីវីគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតស័ង្កសីធំជាងគេបំផុតទាំង១០ ដែលផ្តល់ទិន្នផល ៤៩០.០០០តោន ក្នុងឆ្នាំ២០២៣៕