អាមេរិក៖ មនុស្ស ៥នាក់បានរងរបួស បន្ទាប់ពីអគារកំពុងសាងសង់មួយកន្លែងបានបាក់រលំ ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល 3:30នាទីល្ងាចក្នុងតំបន់ឧទ្យាន Brightwood ក្នុងទីក្រុង Washington DC។

ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគារនេះស្ថិតក្នុងដំណើរការកំពុងសាងសង់នៅឡើយ ហើយបានបាក់រលំទាំងស្រុងតែម្ដង។ ក្រុមអ្នកពន្លត់អគ្គិភ័យបានធ្វើការអស់រយៈពេលជាង ៩០នាទីដើម្បីរំដោះបុរសម្នាក់ចេញពីគំនរបាក់បែកដោយប្រើរណារ និងឧបករណ៍ផ្សេងៗទៀតដើម្បីកាត់ឈើ និងកំទេចកំទីផ្សេងទៀតដែលបានគ្របសង្កត់។ ប្រធានអង្គភាពពន្លត់អគ្គិភ័យ និង EMS ប្រចាំរដ្ឋធានី លោក John Donnelly និយាយថា កម្មករសំណង់ ៤នាក់ផ្សេងទៀតត្រូវបានទាញចេញពីគំនរបាក់បែក បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ។ កម្មករទាំង ៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕
អត្ថបទ៖ សុខមាន