
រដ្ឋមន្រ្តីការបរទេសស្វីសលោក Ignazio Cassis និយាយនៅថ្ងៃពុធនេះថា លោកសង្ឃឹមថា ចិននឹងជួយក្នុងកិច្ចប្រជុំស្វែងរកសន្តិភាព ក្រោយកាលពីខែមុន ប្រទេសស្វីសបានយល់ព្រមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន ។
ពេលសួរនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថាតើចិននឹងឆ្លើយតបការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលដែរឬទេ លោក Cassis ឆ្លើយថា វាគឺជាកិច្ចប្រជុំកម្រិតខ្ពស់ ហើយតាមធម្មតាគ្មាននរណាម្នាក់ឆ្លើយតបភ្លាមៗនោះទេ ។
គួរឲ្យដឹងថា ចិនរក្សាទំនាក់ទំនងជិតស្និតជាមួយរុស្ស៊ី បដិសេធន៍ពុំព្រមរិះគន់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែពួកគេនិយាយផងដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសទាំងអស់ ត្រូវតែគោរព ហើយបានផ្តល់ជំនួយក្នុងការសម្របសម្រួលជម្លោះមួយនេះ ។
លោក Cassis បានស្ថិតនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធនេះ សម្រាប់ជុំទី ៣នៃកិច្ចប្រជុំយុទ្ធសាស្រ្តរដ្ឋមន្រ្តីការបរទេសចិន-ស្វីស ៕