
បុគ្គលិកបម្រើការលើវាលយន្តហោះ នៅឯក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa (LHAG.DE) បើកចាប់ផ្ដើមសកម្មភាពថ្មី ដោយដើរចេញឈប់ធ្វើការ នៅអាកាសយានដ្ឋានដ៏សំខាន់ នៅថ្ងៃពុធ (ទី៧ ខែកុម្ភៈ) ដោយបង្កើនសម្ពាធក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួល និងបន្ថែមភាពមិនសប្បាយចិត្តដល់អ្នកដំណើរនៅក្នុងប្រទេសសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់អឺរ៉ុប ដែលរងប៉ះពាល់រួចហើយលើផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បាននិយាយថា អ្នកដំណើរប្រហែល ១០០.០០០នាក់ នឹងត្រូវបានរងផលប៉ះពាល់ដោយកូដកម្ម ដែលបានចាប់ផ្តើមនៅវេលាម៉ោង ៤ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៣ ម៉ោងសកល) ហើយគ្រោងនឹងមានរហូតដល់ម៉ោង ៧:១០នាទីព្រឹក ម៉ោងក្នុងស្រុក នាថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ)។
សហជីព Verdi បានកំណត់គោលដៅលើអាកាសយានដ្ឋាននៅទីក្រុង Frankfurt និង Munich ដែលក្រុមហ៊ុនធអាកាសចរណ៍ Lufthansa និយាយថា មានតែជើងហោះហើរពី ១០ភាគរយ ទៅ ២០ភាគរយប៉ុណ្ណោះ ដែលនឹងដំណើរការ ក៏ដូចជាទីក្រុង Berlin, Hamburg និង Duesseldorf ផងដែរ។
សហជីព Verdi ចង់ឲ្យមានការដំឡើងប្រាក់ឈ្នួល ១២,៥ភាករយ សម្រាប់កម្មករប្រហែល ២៥.០០០នាក់ ឬយ៉ាងហោចណាស់ ៥០០អឺរ៉ូ (៥៣៧ដុល្លារ) បន្ថែមទៀត ក្នុងមួយខែ រយៈពេល ១២ខែ បូកនឹងការបង់ប្រាក់ម្តងចំនួន ៣.០០០អឺរ៉ូ ដើម្បីឲ្យមានតុល្យភាពជាមួយអតិផរណា៕