អត្តពលកម្ម៖ ខណៈដែលកីឡាអូឡាំពិកទីក្រុងតូក្យូ នៅសល់មិនដល់មួយខែទៀតចូលមកដល់ លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានពន្យល់ពីការចូលរួមប្រកួតកីឡាអូឡាំពិកតាមរយៈសិទ្ធិអនុគ្រោះ ដែលកីឡាករអត្តពលកម្មម្នាក់នឹងត្រូវចូលរួមប្រកួត។

លោក ហ៊ុន បូរី បានពន្យល់ពីសិទ្ធិអនុគ្រោះ (Wild Card) យ៉ាងដូច្នោះថា «យើងបានទៅប្រកួតជម្រុះនៅទីក្រុងដូហាប្រទេសកាតាកាលពីឆ្នាំ២០១៩ ដោយកំណត់ថិរវេលាមិនបានជាប់ (qualified) ក្នុងវគ្គជម្រុះនោះឡើយ។ ដូច្នេះហើយ អូឡាំពិកអន្តរជាតិបានអនុញ្ញាតឲ្យកម្ពុជាយើងលេងបានត្រឹមតែ ១វិញ្ញាសាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអត្តពលិកយើងអាចធ្វើបានល្អ ក្នុងការជម្រុះលើកទី១ ក្នុងពេលប្រកួតអូឡាំពិកឆាប់ៗខាងមុខនេះមានន័យថា គាត់អាចបន្តលេងនៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬផ្ដាច់ព្រ័ត្រ ទៅតាមថិរវេលាដែលគាត់ធ្វើបានល្អក្នុងកម្រិតបច្ចេកទេសរបស់គាត់ ដែលត្រូវបានធ្វើកំណត់ត្រានៅក្នុងលទ្ធផលអត្តពលកម្មពិភពលោក»។
លោកលើកឡើងទៀតថា កីឡាករជម្រើសជាតិកម្ពុជា ប៉ែន សុគង់ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រនៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេមនៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ២០២០ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដារហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ (ពន្យារពេល)។ ចំពោះសិទ្ធផលហ្វឹកហាត់ (Performent) របស់បេក្ខភាពអូឡាំពិកហ្គេមរបស់កម្ពុជារូបនេះ គឺធ្វើបានក្នុងថិរវេលា ១០.៨៧ វិនាទី។ សូមបញ្ជាក់ថា កម្ពុជាបានត្រៀមចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ មានចំនួន ២ប្រភេទកីឡាគឺអត្តពលកម្មប្រកួតដោយកីឡាករ ប៉ែន សុគង់ និងកីឡាហែលទឹក ១វិញ្ញាសាហែលសេរី ៥០ម៉ែត្របុរស-នារី៕
អត្ថបទ៖ គង់ ហួន