
រដ្ឋបាលទេសចរណ៍របស់កោះតៃវ៉ាន់ នៅថ្ងៃពុធ (ទី៧ ខែកុម្ភៈ) បានប្រាប់ភ្នាក់ងារទេសចរណ៍ឲ្យបញ្ឈប់ការរៀបចំដំណើរកម្សាន្តជាក្រុមថ្មីទៅកាន់ប្រទេសចិន ដោយសារទីក្រុងប៉េកាំងមិនទាន់អនុញ្ញាតឲ្យមានការធ្វើដំណើរទៅកាន់កោះនេះពីសំណាក់ភ្ញៀវទេសចរចិននៅឡើយទេ ហើយបានផ្លាស់ប្តូរផ្លូវហោះហើរ នៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។
ក្រោយជំងឺរាតត្បាត ប្រទេសចិនបានបន្តអនុញ្ញាតយ៉ាងទូលំទូលាយឲ្យជនជាតិរបស់ខ្លួនទៅទស្សនាកន្លែងទេសចរណ៍ពេញនិយមជាច្រើន ក្នុងនោះរួមទាំងប្រទេសជប៉ុនផងដែរ ប៉ុន្តែមិនទាន់បានបន្ថែមកោះតៃវ៉ាន់ចូលទៅក្នុងបញ្ជីដែលត្រូវបានអនុម័តនោះឡើយ ចំពេលភាពតានតឹងកំពុងបន្តកើនឡើង រវាងទីក្រុងប៉េកាំង និងតៃប៉ិ។
ចិនអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាចំណែកនៃដែនដីរបស់ខ្លួន ទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋបាលទិក្រុងតៃប៉ិក៏ដោយ។ កោះតៃវ៉ាន់បានគ្រោងនឹងបន្តដំណើរទេសចរណ៍ជាក្រុមឡើងវិញ សម្រាប់ជនជាតិតៃវ៉ាន់ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា បន្ទាប់ពីបានផ្អាក អំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយអាជ្ញាធរទេសចរណ៍បាននិយាយថា អ្នកដែលបានរៀបចំរួចហើយចាប់ពីកាលបរិច្ឆេទនោះ រហូតដល់ថ្ងៃទី៣១ ខែឧសភា អាចបន្តដំណើរបាន។
តែរដ្ឋបាលទេសចរណ៍បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយពិចារណាលើស្ថានភាពមានការប្រែប្រួល» ក្នុងនោះរួមទាំងប្រទេសចិនមិនអនុញ្ញាតឲ្យជនជាតិចិនទៅកម្សាន្តនៅកោះតៃវ៉ាន់ និងការផ្លាស់ប្តូរផ្លូវហោះហើររបស់ចិនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុនផងដែរនោះ ទីភ្នាក់ងារទេសចរណ៍តៃវ៉ាន់មិនអាចរៀបចំដំណើរទេសចរណ៍បានទៀតទេ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕