
យោងតាមសេវាសង្រ្គោះបន្ទាន់របស់រដ្ឋក្នុងតំបន់មីកូឡេអ៊ិវ (Mykolaiv)របស់អ៊ុយក្រែនបានអោយដឹងថា មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានវាយប្រហាតំបន់មីកូឡេអ៊ិវ នៅព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សម្នាក់ និងលំនៅឋាន២០ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
វីដេអូដែលផ្សព្វផ្សាយដោយសេវាសង្រ្គោះបន្ទាន់នេះ បានបង្ហាញពីរណ្ដៅមួយដែលភ្លើងកំពុងឆេះនៅចំកណ្ដាលផ្លូវអ្នកស្រុកមួយក្នុងតំបន់មីកូឡេអ៊ិវ។
អ្នកសារព័ត៌មានរ៉យទ័រអាចបញ្ជាក់ទីតាំងដូចជាក្រុងមីកូឡេអ៊ិវ ចេញពីទីតាំង និងរូបរៀងរបស់អគារនានា ហើយនិងភិនភាគផ្លូវដែលត្រូវគ្នានឹងរូបភាពផ្កាយរណបក្នុងតំបន់។ អ្នកសារព័ត៌មានអាចបញ្ជាក់ពីទិន្នន័យរបស់វីដេអូចេញពីរូបថតរបស់រ៉យទ័រដែលបានបង្ហាញក្រោយកើតហេតុដូចគ្នា។
ក្រុមមន្រ្ដីអ៊ុយក្រែននិយាយថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហាដោយមីស៊ីលលើក្រុងនានារបស់អ៊ុយក្រែននៅម៉ោងមមាញឹកព្រឹកថ្ងៃពុធនេះ ដោយបានសំលាប់មនុស្ស៣នាក់ និងមនុស្សយ៉ាងហោចណាស់១២នាក់ បានរងរបួស ហើយធ្វើអោយមានភ្លើងឆេះនៅទូទាំងរដ្ឋធានីទៀតផង។
មេបញ្ជាការកងទ័ពអ៊ុយក្រែន លោកវ៉ាលើរី ហ្សាលូសនី (Valeriy Zaluzhnyi) បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលនិងយានដ្រូន៤៤គ្រឿង ក្នុងចំណោម៦៤គ្រឿង នៅក្នុងរលកវាយប្រហារជាច្រើនដែលចាប់ផ្ដើមដោយរុស្ស៊ីនោះ៕