អាមេរិក៖ ការផ្ទុះដ៏ខ្លាំងក្លាមួយនៅតំបន់ South Los Angeles កាលពីល្ងាចថ្ងៃពុធបានធ្វើឱ្យខូចខាតលំនៅឋានជាច្រើនខ្នង និងបណ្ដាលឲ្យមនុស្សចំនួន ១៧នាក់រងរបួសរួមទាំងមន្ត្រីនគរបាលផងដែរ ខណៈដែលក្រុមអ្នកជំនាញគ្រឿងផ្ទុះបានប៉ុនប៉ងបំផ្ទុះគ្រឿងផ្ទុះដោយសុវត្ថិភាព ដែលត្រូវបានរឹបអូសចេញពីលំនៅឋានមួយ ដោយមានកាំជ្រួចភ្ញីខុសច្បាប់ប្រមាណ ៥.០០០ផោន។

ការបំផ្ទុះនេះបានធ្វើឱ្យខូចខាតដល់រថយន្ត នៅក្នុងតំបន់លំនៅឋានប្រជាពលរដ្ឋ និងកំទេចកំទីរាយប៉ាយពេញដងផ្លូវ។ រថយន្តធុនធំដែលកំពុងត្រូវបានប្រើ ដើម្បីប្រមូលសំណល់គ្រឿងផ្ទុះក៏ទំនងជាខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ ក្រុមអាជ្ញាធរនិយាយថា ឃ្លាំងស្តុកកាំជ្រួចកែច្នៃសម្ងាត់នេះបានផ្ទុះ ខណៈដែលត្រូវបានកម្ទេចដោយក្រុមបំផ្ទុះគ្រាប់បែក។ នៅក្នុងសន្និសីទសារព័ត៌មានស្នងការនគរបាលទីក្រុង Los Angeles លោក Michel Moore បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹងលំនៅឋានមួយនៅប្លុក ៧០០ នៃផ្លូវ ២៧ ខាងកើតបានរកឃើញកាំជ្រួចភ្ញីខុសច្បាប់រាប់ពាន់ផោន ក៏ដូចជាគ្រឿងផ្ទុះកែច្នៃដែលមិនមានសុវត្ថិភាព៕

អត្ថបទ៖ សុខមាន