ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះដ៏បង្ហូរឈាមនៅភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើយោងតាមបណ្តាញផ្ញើសារតេលេក្រាម របស់ក្រុមនេះបាននិយាយកាលពីថ្ងៃពុធ (០៧ កុម្ភៈ)។
ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះពីរកន្លែងនៅជិតការិយាល័យបេក្ខជនបោះឆ្នោតនៅក្នុងខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ៣០ នាក់ និងធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសកាលពីថ្ងៃពុធ ដោយបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅមុនការបោះឆ្នោតសកល។

ប្រទេសប៉ាគីស្ថាន នឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) នេះ ស្របពេលមានការកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធ និងការចាប់ខ្លួនលោកអតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន (Imran Khan) ដែលជាអ្នកឈ្នះការបោះឆ្នោតជាតិចុងក្រោយ ដាក់ពន្ធនាគារ ដែលព្រឹត្តិការណ៍ទាំងនេះបាននិងកំពុងអង្រួនប៉ាគីស្ថាន ទោះបីជាមានវិបត្តិសេដ្ឋកិច្ច និងបញ្ហាផ្សេងទៀតដែលគំរាមកំហែងដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះក៏ដោយ។
ការិយាល័យក្រសួងការបរទេសរបស់ប្រទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្រកព្រំដែនខាងលិចរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន នឹងត្រូវបិទ និងបើកឡើងវិញនៅថ្ងៃសុក្រ (០៩ កុម្ភៈ) ស្អែកនេះ ដើម្បីធានាសន្តិសុខក្នុងអំឡុងពេលបោះឆ្នោត៕

