ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា ខណៈអនុក្រឹត្យនេះ មាន១២ជំពូក និង២៥មាត្រា។
យោងតាមអនុក្រឹត្យនេះគឺកំណត់អំពីការគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិល នៅក្នុងកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃអាកាសចរណ៍ស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកដំណើរ ក្រុមអាកាសយានិក បុគ្គលិកបម្រើការងារលើផ្ទៃដី សាធារណជនទូទៅ អាកាសយាន អាកាសយានដ្ឋានអន្តរជាតិ អាកាសយានដ្ឋានមូលដ្ឋាន និងឋបនីយភណ្ឌអាកាសយានដ្ឋាន ព្រមទាំងប្រឆាំង នឹងអំពើរំលោភបំពានច្បាប់នៅលើផ្ទៃដីដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពអាកាសចរណ៍ស៊ីវិល និងពេលកំពុងហោះហើរជាដើម។
គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា មានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន និងអនុប្រធានប្រចាំការ ១រូប, អនុប្រធាន១១រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មាធិការជាតិនេះ ត្រូវធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងការងារសន្ដិសុខអាកាសចរណ៍ស៊ីវិលនៅកម្ពុជា៕






