ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ខែទី៥ កាលពីថ្ងៃពុធស្របពេលមានក្តីសង្ឃឹមខ្ពស់សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងការបញ្ចប់ជម្លោះទាំងស្រុង។សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងព្យាយាមសម្របសម្រួលចំណុចរួមមួយ ដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទទួលយកបាន ជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលភាគច្រើនត្រូវបានបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល។

កាលពីថ្ងៃអង្គារ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះសំណើដែលផ្តល់ដោយក្រុមអ្នកសម្របសម្រួល ដែលកន្លងមកបានពិភាក្សា ជាមួយអ៊ីស្រាអែលលើសំណើនេះ។ ការរំពឹងទុកនៃបទឈប់បាញ់មិនឈានដល់កម្រិតខ្ពស់នោះទេ ចាប់តាំងពីបទឈប់បាញ់រយៈពេល៧ថ្ងៃមុនបានបញ្ចប់ទៅកាលពីចុងខែវិច្ឆិកា ប៉ុន្តែក្រុមហាម៉ាស ធ្លាប់បាននិយាយថាខ្លួនចង់បានការធានាបន្ថែមទៀតថាកិច្ចព្រមព្រៀងនេះអាចបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។
តាមសេចក្តីរាយការណ៍ សំណើនេះ នឹងមានបទឈប់បាញ់យ៉ាងហោចណាស់៤០ ថ្ងៃ នៅពេលក្រុមហាម៉ាស ដោះលែងជនស៊ីវិល ក្នុងចំណោមចំណាប់ខ្មាំងដែលនៅសេសសល់ ដែលខ្លួនកំពុងឃុំឃាំង ដោយដំណាក់កាលក្រោយៗទៀត ដើម្បីប្រគល់ទាហាន និងសាកសព។

ប៉ុន្តែ ងាកទៅការឆ្លើយបតបរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu វិញ លោកបានទាត់ចោលលក្ខខណ្ឌបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្កាហ្សាដែលបានស្នើឡើងដោយក្រុមហាម៉ាស ដោយលើកឡើងថា ការយល់ព្រមតាមក្រុមនេះគឺជាគជ័យសម្រាប់ពួកគេ និងច្រានចោលសម្ពាធរបស់អាមេរិក ក្នុងការឈានទៅការបញ្ចប់ជម្លោះដែលមានការសម្របសម្រួល។
ការប្រយុទ្ធគ្នានៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីនកាន់តែមានភាពតានតឹងកាលពីខែមុន ដោយរថក្រោះអ៊ីស្រាអែលបានរុលទៅមុខរយៈពេលពីរសប្តាហ៍នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែលនិយាយថាខ្លួនបានកម្ចាត់ក្រុមសកម្មប្រយុទ្ធ ហើយយុទ្ធជនហាម៉ាសកាន់តែសកម្មក្នុងការតស៊ូប្រឆាំងនឹងអ៊ីស្រាអែល ដែលកងកម្លាំងនេះ បានរងការខាតបង់ដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃទី ២៣ ខែមករា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ខ្លួនចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន៕
