ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំសហគមន៍ជ្វីហ្វរបស់រុស្ស៊ីកាលពីថ្ងៃពុធថា ទីក្រុងមូស្គូ បានសម្រេច «លទ្ធផលជាក់លាក់» ក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះលែងចំណាប់ថ្នូរ ដែលជាប់ក្នុងជម្លោះអ៊ីស្រាអែលជាមួយក្រុមហាម៉ាស។

ទីភ្នាក់ងារទាំងនោះ បាននិយាយថា លោក ពូទីន បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានរ៉ាប៊ីរបស់រុស្ស៊ី លោក ប៊ឺល ឡាហ្សា (Berl Lazar) និងប្រធានសហព័ន្ធសហគមន៍ជ្វីហ្វ លោក អាឡិចសាន់ឌឺ បូរ៉ូដា (Alexander Boroda)។ លោក ពូទីន បាននិយាយថា រុស្ស៊ី បានប្រើទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នកនយោបាយរបស់ក្រុមហាម៉ាស។
លោកពូទីន ត្រូវបានដកស្រង់សម្តីថា៖ «អ្នកដឹងរួចហើយ ចាប់តាំងពីស្ថានការណ៍ កាន់តែតានតឹងនៅមជ្ឈិមបូព៌ា រុស្ស៊ីបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយមនុស្សដែលក្លាយជាចំណាប់ថ្នូរ»។
«ដូចដែលគេដឹងហើយ ក្រសួងការបរទេសរបស់យើង បានធ្វើការតាមរយៈអ្នកនយោបាយរបស់ក្រុមហាម៉ាស ហើយសរុបមក មានលទ្ធផលជាក់លាក់»។
លោកពូទីន មិនបានបញ្ជាក់លម្អិតទេ នេះបើតាមការអត្ថាធិប្បាយដែលគេបានរាយការណ៍នោះ។
លោកប្រធានាធិបតីរូបនេះ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ទោះបីជាសំដៅលើការជួយជនជាតិរុស្ស៊ីក៏ដោយ ក៏លោកបានព្យាយាមជួយអ្នកដទៃផងដែរ៕
