អង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី ៧ ខែកុម្ភៈបានជំរុញឱ្យប្រទេសនានាកុំបំភ្លេចជនស៊ីវិលដែលជាប់ក្នុងសង្គ្រាមនៅស៊ូដង់ដោយអំពាវនាវរកជំនួយចំនួន៤,១ពាន់លានដុល្លារដើម្បីបំពេញតម្រូវការមនុស្សធម៌របស់ពួកគេ និងគាំទ្រដល់អ្នកដែលបានភៀសខ្លួនទៅកាន់បណ្ដាប្រទេសជិតខាង ។

សង្រ្គាមរយៈពេល ១០ខែនៅក្នុងប្រទេសស៊ូដង់ រវាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងកងកម្លាំងគាំទ្រ យោធាប៉ារ៉ារហ័ស (RSF) បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដោយបានជំរុញឱ្យ មានការព្រមានអំពីទុរ្ភិក្ស និងការភៀសខ្លួនរបស់មនុស្សរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេស។
យោងតាមអង្គការសហប្រជាជាតិ ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងគាំការពារ ខណៈមនុស្សជាង១,៥លាននាក់បានភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង ។
នៅក្នុងការចាប់ផ្តើមនៃការអំពាវនាវរួមគ្នារបស់ខ្លួនជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានអំពាវនាវរកថវិកាចំនួន២,៧ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនចំនួន១៤,៧លាននាក់។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths បានប្រាប់ក្រុមអ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា ប្រទេសស៊ូដង់ នៅតែត្រូវបានសហគមន៍អន្តរជាតិបន្តបំភ្លេចចោល។ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានស្នើសុំថវិកាចំនួន១,៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រជាជនជិត២,៧លាននាក់នៅក្នុងប្រទេសចំនួន ៥ ដែលនៅជិតខាងស៊ូដង់ ជាផ្នែកនៃការអំពាវនាវ។
លោក Griffiths បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីជម្លោះត្រូវបានអញ្ជើញទៅកាន់ទីក្រុងហ្សឺណែវ សម្រាប់វេទិកាមនុស្សធម៌ ដើម្បីធានាថាជនស៊ីវិលអាចទទួលបានជំនួយ៕
