ភ្នំពេញ៖ កិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃព្រះរាជាណាចក្របែលហ្ស៊ិក ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា និង ឯកឧត្តម ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួនដែលជាកង្វល់រួម។

មន្ត្រីជាន់ខ្ពស់ទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគីនេះមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប។




