ប្រណាំងកង់៖ កីឡាករប្រណាំងកង់អង់គ្លេស Mark Cavendish បានប្រជែងឈ្នះដំណាក់កាលទី៦ នៃព្រឹត្តិការណ៍ Grand Tour, Tour de France ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាជ័យជំនះពីរដំណាក់កាលហើយក្នុងឆ្នាំនេះ និងខិតជិតទាន់កំណត់ត្រាអ្នកឈ្នះច្រើនដំណាក់កាលជាងគេក្នុងព្រឹត្តិការណ៍ Grand Tour។

ដំណាក់កាលទី៦ ដែលមានចំងាយផ្លូវ ១៦០.៦គីឡូម៉ែត្រ កីឡាកររបស់ក្រុម Quick-Step រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ១៧នាទី ៣៦វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Jasper Philipsen របស់ក្រុម Fenix និងលេខ៣ កីឡាករម្ចាស់ផ្ទះបារាំង Nacer Bouhanni របស់ក្រុម Arkea Semic។ នេះជាជ័យជំនះដំណាក់កាលទី៣២ ហើយក្នុងអាជីពរបស់កីឡាករវ័យ ៣៦ឆ្នាំ Mark Cavendish ដេញពីក្រោយ ២ដំណាក់កាលទៀតទេនឹងតាមទាន់វិរបុរសកីឡាប្រណាំងកង់ប៊ែលហ្ស៊ិក Eddy Merckx ដែលឈ្នះ ៣៤ដំណាក់កាល ក្នុងព្រឹត្តិការណ៍ Grand Tour។
ដោយឡែកសំរាប់តារាងវេលារួមក្រោយដំណាក់កាលទី៦ នេះកីឡាករហូឡង់ Mathieu van der Poel របស់ក្រុម Fenix នៅតែបន្តនាំមុខគេដដែលមានមានវេលាសរុប ២០ម៉ោង ៩នាទី ១៧វិនាទី តាមពីក្រោយដោយអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar យឺតជាង ៨វិនាទី និងលេខ៣ កីឡាករប៊ែលហ្ស៊ិក Wout van Aert យឺតជាង ៣០វិនាទី។ សំរាប់ដំណាក់កាលទី៧ ថ្ងៃនេះមានចំងាយផ្លូវឆ្ងាយដល់ទៅ ២៤៩.១គីឡូម៉ែត្រ និងជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំទៀត៕
អត្ថបទ៖នាង សុភាវុធ