ឯកឧត្តម យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានក្រើនរំលឹកដល់គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខត្រូវគោរពតាមច្បាប់ និងបទបញ្ជា។

ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកំឡុងពេលឃោសនាបោះឆ្នោត ដោយកិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងគណបក្សនយោបាយ តំណាងទូតប្រចាំកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិល។
ឯកឧត្តមមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោតត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត យ៉ាងតិចឱ្យបាន៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។

ឯកឧត្តមបញ្ជាក់ថា គណបក្សនយោបាយចំនួនបួន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក៏ដូចជាសេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តម បញ្ជាក់ថា កំឡុងគណបក្សនយោបាយស្នើធ្វើយុទ្ធនាការឃោសនា គឺត្រូវបញ្ជាក់ពីព័ត៌មានសាម៉ីខ្លួនជាតំណាងគណបក្សនយោបាយ ទីតាំង ពេលវេលា ចំនួនអ្នកចូលរួម និងយានជំនិះ។ ប៉ុន្តែក្នុងករណីដែលការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរាជធានី-ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះត្រូវឆ្លងកាត់រាជធានី-ខេត្តដទៃដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី-ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាម៉ីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធយ៉ាងតិចឱ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។

ជាមួយគ្នាឯកឧត្តមបានណែនាំដល់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។

ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមបានស្នើដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវបានចាត់ចែង កម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ឬបង្កការអុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់ៗរូបដោយស្មើភាព និងគ្មានការរើសអើង។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទះខ្មែរ៕ អត្ថបទ៖ សេក ឧត្តម
