ប្រមុខការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនទាហានដែលឈរជើងនៅប្រជុំកោះចុងឧត្ដរក្បែរកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ទីក្រុងម៉ានីល។
កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) ក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍រចនាសម្ព័ន្ធបន្ថែមទៀតនៅលើប្រជុំកោះ បាតាណេស (Batanes) ដាច់ស្រយាលដែលមានចម្ងាយតិចជាង ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានទ័ពជើងទឹកនៅទីនោះកាលពីថ្ងៃអង្គារ។

លោក តេអូដូរ៉ូ បាននិយាយថា «ចាប់ពីឆ្នាំ២០២៤ នេះ សង្វាក់ប្រតិបត្តិការសម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) នឹងកើនឡើងខ្ពស់ជាងមុន» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកហ្វីលីពីន ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ។
បណ្ដាញផ្លូវទឹក បាស៊ី (Bashi) រវាងប្រជុំកោះនោះ និងកោះតៃវ៉ាន់ ត្រូវបានចាត់ទុកថាជាចំណុចតានតឹងសម្រាប់នាវាដែលផ្លាស់ទីរវាងប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា យោធាចិនតែងតែបញ្ជូននាវា និងយន្តហោះជាច្រើនឆ្លងកាត់បណ្ដាញផ្លូវទឹកនោះ៕
