យ៉ាងហោចណាស់ភ្នាក់ងារ ៥ នាក់នៃទីភ្នាក់ងារបរិស្ថានប្រដាប់អាវុធ BSAP របស់ប្រទេសហៃទី ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានវិវត្តទៅជាក្រុមទាហាន ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយនគរបាលជាតិនៅទីក្រុង ផតអ៊ួព្រីនស៍ (Port-au-Prince) កាលពីថ្ងៃពុធ (០៧ កុម្ផៈ) នេះបើយោងតាមសហជីពនគរបាលបានប្រាប់អ្នកយកព័ត៌មាន។

នគរបាលជាតិរបស់ប្រទេសហៃទី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំព័ត៌មានលម្អិតបន្ថែម ឬបញ្ជាក់ថាតើមានការស្លាប់ និងរបួសរបស់នគរបាល ឬយ៉ាងណានោះទេ។
ការប៉ះទង្គិចគ្នានេះកើតឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃនៅទូទាំងប្រទេសមុនកាលបរិច្ឆេទថ្ងៃទី០៧ ខែកុម្ភៈ ដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលមិនទាន់ជាប់ឆ្នោត លោក អារៀល ហេនរី (Ariel Henry) បានសន្យាថានឹងចុះចេញពីតំណែង ហើយប្រធានាធិបតីហៃទី ថ្មីត្រូវស្បថចូលកាន់តំណែងតាមទម្លាប់។

ព្រឹត្តិការណ៍នេះក៏កើតឡើងនៅពេលដែលនគរបាលបានប្រយុទ្ធប្រឆាំងជាមួយសម្ព័ន្ធមិត្តនៃក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ដែលត្រូវបានគេប៉ាន់ប្រមាណថាបានគ្រប់គ្រងផ្នែកភាគច្រើននៃរដ្ឋធានីនៃប្រទេសហៃទី ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ និងបានធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីគេចពីអំពើហិង្សា៕
