ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅការឈ្នះឆ្នោតម្ដងទៀតយ៉ាងលើសលប់ នេះបើយោងតាមលទ្ធផលបឋមបានបង្ហាញកាលពីថ្ងៃពុធ (០៧ កុម្ភៈ) នៅក្នុងការបោះឆ្នោតមុនអណត្តិដែលលោកបានអំពាវនាវ បន្ទាប់ពីដណ្តើមបានតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ពីប្រទេសអាមេនី និងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតបន្ទាប់ពីសន្លឹកឆ្នោតជាងពាក់កណ្តាលត្រូវបានរាប់រួច បានបង្ហាញថា លោក អាលីយេវ បាននាំមុខគេជាមួយនឹងសំឡេងឆ្នោតគាំទ្រចំនួន ៩២,១ ភាគរយ។ គណបក្សប្រឆាំងធំៗទាំងពីរបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនៅក្នុងរដ្ឋផលិតប្រេង និងឧស្ម័ន របស់ប្រទេសនេះ។
លោក អាលីយេវ ដែលស្នងតំណែងពីឪពុករបស់ខ្លួន គឺលោក ហេយដា (Heydar) ជាប្រធានាធិបតីក្នុងឆ្នាំ២០០៣ ជាធម្មតាទទួលបានសំឡេងគាំទ្រជាង ៨៥ ភាគរយនៃការបោះឆ្នោត ដែលក្រុមសិទ្ធិមនុស្សបាននិយាយថាមិនសេរី និងមិនយុត្តិធម៌។
ប៉ុន្តែក្រុមមន្ត្រី អាស៊ែបៃហ្សង់ និយាយថា ការបោះឆ្នោតនានាមានភាពយុត្តិធម៌ និងតម្លាភាព ហើយប្រជាប្រិយភាពរបស់លោក អាលីយេវ បានកើនឡើងចាប់តាំងពីជ័យជម្នះនៅទីក្រុង ការ៉ាបាក់ មក៕
