ក្រសួងមហាផ្ទៃបាននិយាយថា ប្រទេសប៉ាគីស្ថានបានផ្អាកសេវាទូរស័ព្ទចល័តជាបណ្ដោះអាសន្នទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពង្រឹងសន្តិសុខ ខណៈការបោះឆ្នោតសកលចាប់ផ្ដើមនៅក្នុងប្រទេសនេះ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាល បានកើតឡើងស្របពេលមានការកើនឡើងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅក្នុងអំឡុងរៀបចំការបោះឆ្នោត និងមួយថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីកំពុងជាប់ពន្ធនាគារលោក Imran Khan បានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោករង់ចាំនៅខាងក្រៅមណ្ឌលបោះឆ្នោត បន្ទាប់ពីការបោះឆ្នោត រហូតដល់ពេលប្រកាសលទ្ធផល។

ក្រសួងមហាផ្ទៃបាននិយាយក្នុងសារលើបណ្ដាញសង្គម X ថា ដោយសារតែមានមនុស្សជាច្រើនត្រូវបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារភេរវកម្មថ្មីៗនៅក្នុងប្រទេសនេះ ការធានាផ្នែកសន្តិសុខគឺជាកត្ដាសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ និងច្បាប់ ព្រមទាំងទប់ទល់ទៅនឹងការគំរាមកំហែងថ្មីៗ រហូតឈានដល់ការផ្អាកដំណើរការសេវាទូរស័ព្ទចល័តទូទាំងប្រទេស។
ការបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនគ្នាចំនួន២ នៅជិតការិយាល័យបោះឆ្នោត កាលពីថ្ងៃពុធ បានសម្លាប់មនុស្ស៣០នាក់នៅក្នុងភាគនិរតីនៃខេត្តបាលូជីស្ថានដែលក្រុមរដ្ឋអ៊ីស្លាមបានអះអាងថាជាស្នាដៃរបស់ខ្លួន។
ប្រទេសនេះ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយមានការដាក់ពង្រាយកងទ័ព និងទាហានប៉ារ៉ា ទូទាំងប្រទេសរួមទាំងនៅតាមការិយាល័យបោះឆ្នោតនានា។ប៉ាគីស្ថាន បាននិយាយថាខ្លួនបានបិទព្រំដែនជាមួយអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាននៅថ្ងៃបោះឆ្នោតបំណងការពារសន្តិសុខ។

គេរំពឹងថាលទ្ធផលឆ្នោតក្រៅផ្លូវការបឋម នឹងត្រូវប្រកាសប៉ុន្មានម៉ោង ក្រោយបិទការិយាល័យនៅម៉ោង៥ល្ងាច និងហើយលទ្ធផលច្បាស់ជាងនេះ ទំនងជានឹងបង្ហាញនៅថ្ងៃសុក្រស្អែក។
ការប្រកួតប្រជែងចម្បង ត្រូវគេរំពឹងថានឹងធ្វើឡើងរវាងក្រុមបេក្ខជនគាំទ្រដោយលោក Khan ដែលគណបក្សតេរីក-អ៊ី-អ៊ីនសាហ្វ ប៉ាគីស្ថាន((PTI) បានឈ្នះការបោះឆ្នោតសកលចុងក្រោយ និងគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML-N) របស់នាយករដ្ឋមន្ត្រី ៣អាណត្តិ លោក Nawaz Sharif ដែលត្រូវគេចាត់ទុកជាបេក្ខជននាំមុន៕
