ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូស អាបាស (Mahmoud Abbas) កាលពីថ្ងៃពុធ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន ( Anthony Blinken) ដែលធ្វើទស្សនកិច្ចនៅតំបន់វេសបែង ( West Bank) ដោយពិភាក្សាអំពីបញ្ហានានារួមទាំងរដ្ឋប៉ាឡេស្ទីន និងការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោកអាបាស បាននិយាយថា សន្តិភាពនិងសន្តិសុខ អាចសម្រេចបានតាមរយៈការអនុវត្តដំណោះស្រាយរដ្ឋពីរ ដោយផ្អែកលើសេចក្តីសម្រេចស្របតាមច្បាប់អន្តរជាតិ។
ក្នុងជំនួបនោះ លោកអាបាស បានអះអាងពីសារៈសំខាន់នៃការពន្លឿនការផ្តល់ជំនួយសង្គ្រោះ រួមទាំងថ្នាំ និងអាហារ ព្រមទាំងការផ្តល់ទឹក អគ្គិសនី និងប្រេងឥន្ធនៈដល់តំបន់ហ្កាហ្សា។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ជាថ្មីម្តងទៀតចំពោះការបដិសេធរបស់លោកចំពោះការផ្លាស់ប្តូរទីលំនៅដោយបង្ខំរបស់ប្រជាជនប៉ាឡេស្ទីន។
ប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ ក៏បានព្រមានអំពីផលវិបាកនៃប្រតិបត្តិការយោធាដ៏ខ្លាំងក្លាណាមួយរបស់កងកម្លាំងអ៊ីស្រាអែល នៅក្នុងទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីបង្ខំឲ្យ អ្នកស្រុកហ្កាហ្កាភៀសខ្លួន ដោយសង្កត់ធ្ងន់ថា តំបន់ហ្កាហ្សា គឺជាផ្នែកសំខាន់មួយនៃរដ្ឋប៉ាឡេស្ទីន ហើយថា «អ៊ីស្រាអែលមានផែនការ» បំបែកតំបន់នេះចេញពីទឹកដីប៉ាឡេស្ទីន នឹងមិនត្រូវបានទទួលយកនោះទេ។
លោកអាបាស ក៏បានលើកឡើងពីសារៈសំខាន់នៃការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះរដ្ឋប៉ាឡេស្ទីន ដោយជំរុញឲ្យសហរដ្ឋអាមេរិកគាំទ្រដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ៕
