សមាជិកគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សទាំងពីរ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ដែលបានចំណាយពេលជាច្រើនខែក្នុងការចរចា ប៉ុន្តែបាននិយាយថា ពួកគេនៅតែអាចអនុម័តផ្តល់ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីស្រាអែល ដែលបានភ្ជាប់មកនៅក្នុងកិច្ចព្រមព្រៀងនេះ។

ដោយមានសំឡេងឆ្នោត ៤៩ ទល់នឹង៥០ ភាគច្រើននៅក្នុងជួរគណបក្ស ព្រឹទ្ធសភាពុំបានអនុម័តកញ្ចប់ថវិការបស់គណបក្សទាំងពីរចំនួន ១១៨ពាន់លានដុល្លារ ដែលនឹងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ជួយដល់អ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងជួយជំរុញអ៊ីស្រាអែលក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាសនោះទេ។ ចំណាត់ការនេះ ត្រូវការសំឡេងឆ្នោតចំនួន ៦០សំឡេង ដើម្បីឈានទៅមុខទៅដល់ក្នុងព្រឹទ្ធសភា ដែលសមាជិកគណបក្សប្រជាធិបតេយ្យគ្រប់គ្រង ៥១ ទល់នឹង ៤៩សំឡេង។
រយៈពេលជាច្រើនខែកន្លងទៅនេះ សមាជិកគណបក្សសាធារណរដ្ឋ បានទទូចថា ជំនួយបន្ថែមណាមួយដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរ ក៏ត្រូវតែដោះស្រាយផងដែរនូវចំនួនជនអន្តោប្រវេសន៍យ៉ាងច្រើន ដែលមកដល់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ជាកង្វល់ខ្លាំងរបស់អ្នកបោះឆ្នោត។ អតីតប្រធានាធិបតី លោក Donald Trump បានជំរុញសមាជិកឱ្យបដិសេធការសម្របសម្រួលណាមួយនៅពេលលោកធ្វើយុទ្ធនាការ ដើម្បីធ្វើឲ្យប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បរាជ័យក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។ ទោះបីជាយ៉ាងណា ការច្រានចោលសេចក្តីស្នើច្បាប់នេះ បានបន្សល់ទុកនូវលទ្ធភាពដែលសភានៅតែអាចផ្តល់ជំនួយដែលត្រូវការច្រើនដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ព្រឹទ្ធសភា ត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅពេលក្រោយទៀតលើកញ្ចប់ជំនួយចំនួន ៩៦ពាន់លានដុល្លារ ដែលដកចេញនូវបទប្បញ្ញត្តិអន្តោប្រវេសន៍ ប៉ុន្តែទុកឱ្យជំនួយបរទេសនៅដដែល៕
