ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកគណៈប្រតិភូ ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃរដ្ឋសភា។
ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផលជាតិ លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយសម្តេចបានផ្តល់នូវអនុសាសន៍៤ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡា៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអប់រំបានដាក់ចេញកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្ស សាលា ពង្រឹងការគ្រប់គ្រងបុគ្កលិត ការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» កំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែនទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា បង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ។
ជាមួយគ្នានេះ ក្រសួងអប់រំបានដាក់ចេញនូវគោលបំណងនៃការអប់រំជាតិ បណ្តុះមនសិកាស្នេហាជាតិ មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ មោទនភាពជាតិ តាមរយ:ការលើកកម្ពស់ការប្រកាន់នូវគំនិត គុណតម្លៃ បំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគ្គីភាពជាតិ អត្តសញ្ញាណជាតិ ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍកាយសម្បទា បញ្ញាអារម្មណ៍ ស្មារតីផលិតធនធានមនុស្សដែលមានចំណេះដឹង ដែលស្របទៅតាមតម្រូវការទីផ្សារ ការងារសម្រាប់សេដ្ឋកិច្ច ដែលអាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលលោក រៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនងជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក និងអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព។
នាឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានចក្ចុវិស័យច្បាស់លាស់ បានដាក់ចេញនូវការកែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត ពិសេសគឺការប្រឡង ក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
គួរបញ្ជាក់ថា ជំនួបនាពេលនេះ ក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៧ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព៕ ដោយ ៖ ឧត្ដម








