ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្វះខាតចំនួនជាង ១០០ គ្រួសារមកពី១០ រាជធានីខេត្តបានទទួលអំណោយជាកញ្ចប់ស្បៀង អាហារ និងឧបករណ៍អាជីប (តុតុ និងម៉ូតូរ៉ឺម៉កកង់បី ចំនួន ១៧ គ្រឿង ) ពីសប្បុរសជននៃរដ្ឋគុយវ៉ែត តាមរយៈសមា គមពិភពលោកនៃក្ដីមេត្តាសហការជាមួយសមាគមសម្រប សម្រួលនិងអភិវឌ្ឍន៍សង្គម ។
សកម្មភាពមនុស្សធម៌ជាលើកទី៣នេះធ្វើឡើងនៅក្នុងបរិវេណវិហារឥស្លាមគីឡូមែត្រលេខ៩ ក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៤នេះ ។
ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាបេសកកម្មពិសេសក្នុងខណះជាអធិបតី នោះបានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលនិងប្រជាជនគុយវ៉ែត ដែលបានរួមចំណែកអភិវឌ្ឍប្រជាជនកម្ពុជា និងតែងតែយកចិត្តទុកដាក់ផ្ដល់ជាជំនួយមនុស្សធម៌ជាបន្ត បន្ទាប់ តាមរយៈសមាគមពិភពលោកនៃក្ដីមេត្តា សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គមមក ដល់ប្រជាជនកម្ពុជា ដូចជាផ្ដល់ជាអាគារសាលារៀន អាហារូបករណ៍ លំនៅដ្ឋាន មន្ទីពេទ្យ វិហារឥស្លាម ឧបករណ៍អាជីប កញ្ចប់អាហារ និងអំណោយផ្សេងទៀត។ ជាពិសេសសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពនិងការបេីកទូលាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទទួលបាននូវអំណោយពីបណ្តាប្រទេសនានា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះឯកឧត្ដមបណ្ឌិតក៍សូមចូលរួមអបអរសាទរដល់រដ្ឋគុយវែតផងដែរសម្រាប់ថ្ងៃឯករាជ្យជាតិលើកទី៦៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ។
ជាការឆ្លើយតបនោះលោក ហាសាន់ អាប៊ូជូវែត តំណាងសមាគមពិភពលោកនៃក្ដីមាតាប្រចាំនៅកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំង ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដែលតែង តែជួយសម្រួលដល់សមាគមដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងការបន្តផ្ដល់ជំនួយដល់ប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាការចូលរួមពង្រឹងវិស័យអប់រំនៅកម្ពុជាផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋដែលទទួលអំណោយជាកញ្ចប់អាហារ មកពីសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ចំនួន ១០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋដែលទទួល អំណោយជាឧបករណ៍អាជីប (តុតុ និងម៉ូតូរ៉ឺម៉កកង់៣) ចំនួន ១៧ គ្រឿង ក្នុងនោះមកពីខេត្តកំពត ចំនួន៤ គ្រួសារ ខេត្តកំពង់ចាមចំនួន២គ្រួសារ រាជធានីភ្នំពេញចំនួន៣ គ្រួសារ . ខេត្តកំពង់ធំ ចំនួន១ គ្រួសារ .ខេត្តតាកែវ ចំនួន២ គ្រួសារ ខេត្តបាត់ដំបង ចំនួន២ គ្រួសារ. ខេត្តសៀមរាប ចំនួន១ គ្រួសារ .ខេត្តក្រចេះ ចំនួន១គ្រួសារ. ខេត្តត្បូងឃ្នុំ និងខេត្ត ស្ទឹងត្រែងចំនួន ១ គ្រួសារ ដែលសរុបជាថវិកាទាំងអស់ ចំនួន ៤១,៨៥០ ដុល្លារអាមេរិក៕ អត្ថបទ ៖ ភារម្យ



















