ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការទទួលស្គាល់គ្នាទៅវិញទៅមកលើតួនាទីយ៉ាងសំខាន់ នៃវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយ ក៏បង្ហាញពីបំណងរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើផ្នែកសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផលប្រយោជន៍រួម និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ហើយអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងរវាងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ជាមួយនិងលោកជំទាវ សុភាម៉ា អ៊ីសារ៉ាបហាឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ។

កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជាជីវវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា, វិស័យរ៉ូបូត អេឡិចត្រូនិច និងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល, សន្តិសុខស្បៀង ទឹក និងថាមពល, ព័ត៌មានវិទ្យាភូមិសាស្ត្រ និងបច្ចេកវិទ្យាអវកាស, វិទ្យាសាស្ត្រភាវៈរស់ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ, វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាណាណូ, គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងការចូលរួមជាសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ធុរកិច្ចបង្កើតថ្មី កម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មី និងសួន វ.ប.ន., មាត្រាសាស្ត្រ, ការគ្រប់គ្រងភស្តុភារ និងខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង នៃវិស័យដឹកជញ្ជូន និងភស្តុភារ ក៏ដូចជាការបង្កើនប្រសិទ្ធភាពលើលំហូរទំនិញ និងសេវាកម្មផ្សេងៗ ដែលឆ្លងកាត់ព្រំដែន និងតំបន់, ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ដែលមានភាតរបរិស្ថាន ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីផលិតកម្ម និងការប្រើប្រាស់ចំណីអាហារ ក៏ដូចជាការបង្កើនតម្លៃបន្ថែម និងអាយុកាលនៃផលិតផលចំណីអាហារ ដោយប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តដែលមាននវានុវត្តន៍ ក្នុងការកែច្នៃ និងការវេចខ្ចប់ចំណីអាហារ ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បង្ហាញពីលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលរួមមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ការផ្លាស់ប្តូរព័ត៌មាន ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេសជាច្រើនផ្សេង៕ អត្ថបទ បាន សុខរិទ្ធិ
