
វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្តល់បទសម្ភាសន៍ដល់ពិធីករទូរទស្សន៍អាមេរិក លោក ថាក់ឃើ ខាលសុន (Tucker Carlson) កាលពីថ្ងៃអង្គារ ដែលនេះជាលើកទីមួយនៃបទសម្ភាសន៍របស់លោក ពូទីន ដល់អ្នកសារព័ត៌មានអាមេរិក ចាប់តាំងពីមុនពេលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កាលពីជិតពីរឆ្នាំមុនមក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា លោក ពូទីន បានយល់ព្រមទទួលបទសម្ភាសន៍ពីលោក ខាលសុន ដោយសារតែវិធីសាស្រ្តរបស់អតីតពិធីករទូរទស្សន៍ ហ្វក ញ៉ូវស៍ ( Fox News) ខុសពីការរាយការណ៍ «តែម្ខាង» នៃជម្លោះអ៊ុយក្រែន ដោយសារព័ត៌មានលោកខាងលិចជាច្រើនទៀត។
នៅពេលត្រូវសាកសួរដោយផ្ទាល់ថាហេតុអ្វីបានជាលោក ខាលសុន បានធ្វើបទសម្ភាសន៍ជាមួយលោកពូទីន លោក ផេស្កូវ បាននិយាយថា វិធីសាស្រ្តរបស់អ្នកសារព័ត៌មានអាមេរិករូបនេះគឺ «មិនគាំទ្ររុស្ស៊ី មិនគាំទ្រអ៊ុយក្រែន តែគាំទ្រអាមេរិក»។
លោក ពូទីន ដែលបានបញ្ជាឱ្យលុកលុយអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសម្ភាសន៍ជាផ្លូវការចុងក្រោយដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ២០២១។ អង្គការប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានចាកចេញពីទីក្រុងមូស្គូ ឬបិទប្រតិបត្តិការរបស់ពួកគេដោយសារតែច្បាប់ប្រព័ន្ធផ្សព្វផ្សាយដ៏ធ្ងន់ធ្ងរដែលបានអនុម័តភ្លាមៗបន្ទាប់ពីសង្គ្រាមមក៕